2025-09-02 11:50
20

ហាណូយ៖ ប្រទេសវៀតណាមបានប្រារព្ធខួបលើកទី៨០ នៃការប្រកាសឯករាជ្យរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមនៅថ្ងៃអង្គារនេះ ជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ផ្លូវនៅកណ្តាលទីក្រុងហាណូយ ត្រូវបានបិទអស់រយៈពេលបីថ្ងៃ សម្រាប់ការហាត់សមដើម្បីប្រារព្ធក្បួនដង្ហែសំខាន់នេះ។

ជាផ្នែកមួយនៃពិធីបុណ្យគម្រប់ខួប កាលពីសប្តាហ៍មុន វៀតណាមបានប្រកាសថា នឹងប្រគល់ប្រាក់ចំនួន 100,000 ដុង (3.80 ដុល្លារ) ដល់ប្រជាពលរដ្ឋម្នាក់ៗ ចំនួន 100 លាននាក់ ក្នុងកញ្ចប់ដែលមិនធ្លាប់មានពីមុនមក ដែលអាចធ្វើឱ្យប្រទេសនេះខាតបង់រហូតដល់ 380 លានដុល្លារឯណោះ។

លោកប្រធានាធិបតី Luong Cuong ក៏បានប្រកាសនូវការលើកលែងទោសដ៏សំខាន់មួយសម្រាប់អ្នកទោសចំនួន 13,920 ដែលនឹងត្រូវបានគេដោះលែងមុនពេលបញ្ចប់ការជាប់ពន្ធនាគាររបស់ពួកគេ រួមទាំងជនបរទេសចំនួន 66 នាក់ផងដែរ។

តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២ កញ្ញា នេះ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីហាណូយ ដែលភាគច្រើនពួកគេពាក់អាវក្រហម និងកាន់ទង់ជាតិវៀតណាម នៅក្នុងការបង្ហាញពីជាតិនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសដែលគ្រប់គ្រងដោយកុម្មុយនីស្ត។

ក្នុងក្បួនដង្ហែរនេះ ក៏បានបង្ហាញពីឧបករណ៍យោធាទំនើបបំផុតរបស់វៀតណាមផងដែរ រួមមាន ឧទ្ធម្ភាគចក្រ Mi-171 ផលិតដោយរុស្ស៊ី យន្តហោះចម្បាំង Sukhoi Su-30 និងយន្តហោះគ្មានមនុស្សបើកដែលផលិតក្នុងស្រុកជាដើម។ 

បន្ថែមពីនោះក៏មានទាហានវៀតណាមរាប់ពាន់នាក់ និងទាហានមកពីប្រទេសចិន រុស្ស៊ី និងប្រទេសផ្សេងទៀតបានចូលរួមក្នុងពិធីនេះផងដែរ។

គួរបញ្ជាក់ថា វៀតណាមស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំងជិតមួយសតវត្ស ហើយស្ថិតក្រោមការកាន់កាប់របស់ជប៉ុនរយៈពេលខ្លី ក្នុងកំឡុងសង្គ្រាមលោកលើកទី2 និងទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៤៕