2025-09-02 19:46
15

ថៃ៖ ថ្ងៃចូលនិវត្តន៍កាត់តែខិតជិតមកដល់ខាងមុននេះ ឧត្តមសេនីយ៍ឯក Boonsin Phadklang មេបញ្ជាការនៃយោធភូមិភាគទី២ បានបង្ហាញពីវិធីពីរយ៉ាងសម្រាប់ប្រទេសថៃក្នុងការទាមទារយកប្រាសាទព្រះវិហារ គឺវិធីទីមួយត្រូវរកអ្នកជំនាញផ្នែកច្បាប់ច្បាស់លាស់រៀបចំឯកសារប្តឹងកម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងទីពីរប្រើប្រាស់កម្លាំងយោធា ដើម្បីវាយដណ្តើមយកមកគ្រប់គ្រង។

ប្រព័ន្ធផ្សព្វផ្សាយថៃ Khaosod នៅព្រលប់ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានស្រង់សម្តីដើមលោកឧត្តមសេនីយ៍ឯក Boonsin មកចុះផ្សាយថា៖ «ប្រទេសថៃបានចាញ់កម្ពុជាករណីសំណុំរប្រាសាទព្រះវិហាររួចហើយ ដោយលោកបាននិយាយជាមួយអ្នកជំនាញផ្នែកច្បាប់ ដែលបានផ្តល់យោបល់ពីរវិធី ដើម្បីយកប្រាសាទព្រះវិហារមកគ្រប់គ្រងវិញ»។

មេបញ្ជាការភូមិភាគ២ថៃ បានលើកឡើងវិធីទីមួយ គឺការបញ្ជូនសំណុំរឿងថ្មីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយអះអាងថា សេចក្តីសម្រេចមុន គឺអយុត្តិធម៌ចំពោះប្រទេសថៃ។ ឧត្តមសេនីយ៍ជឿជាក់ថា តុលាការគួរតែពិចារណាឡើងវិញ លើករណីនេះ ដោយសារកត្តាដែលអនុគ្រោះដល់ប្រទេសថៃ ដូចជាទីតាំងរូបវន្តរបស់ប្រាសាទ គឺនៅខាងភាគីថៃ ដោយមានច្រាំងថ្មចោទនៅខាងកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ទិដ្ឋភាពច្បាប់ត្រូវតែពិចារណា ព្រោះសហគមន៍អន្តរជាតិ បានទទួលស្គាល់រួចហើយថា «ប្រាសាទនេះជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាទៅហើយ»។

ចំពោះយនតការទីពីរ គឺការប្រើប្រាស់កម្លាំងយោធា លោក Boonsin បានលើកឡើងផងដែរថា «ការប្រើប្រាស់កម្លាំងទាហាន ដើម្បីរឹបអូសយកប្រាសាទព្រះវិហារមកវិះ គឺជាជម្រើសមួយ ប៉ុន្តែវានឹងទាក់ទាញការថ្កោលទោសពីសហគមន៍អន្តរជាតិ»

លោក Boonsin Phadklang បានបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបិទផ្លូវចូលប្រាសាទ។ ទោះបីជាច្រកចូលសំខាន់ស្ថិតនៅខាងប្រទេសថៃក៏ដោយ ក៏ពួកគេមិនអនុញ្ញាតឱ្យចូលដែរ។ ប្រទេសកម្ពុជាកំពុងសាងសង់ផ្លូវចូលថ្មីនៅខាងពួកគេ ប៉ុន្តែការរីកចម្រើនមានភាពយឺតយ៉ាវ។

ការយោបល់របស់លោក Pravit Rojanaphruk បានលើកឡើងថា៖ «នេះជាកំសើយ និងខូចមុខមាត់ដល់ជាតិថៃទាំងមូល។ ខ្ញុំសូមអភ័យទោសចំពោះប្រជាជនជិតខាងរបស់យើង គឺកម្ពុជា។ ខ្ញុំមានជំនឿថា នេះមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលអន្តរកាលបច្ចុប្បន្ន ឬរដ្ឋាភិបាលថ្មីនាពេលខាងមុខឡើយ»៕