
ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឲ្យ លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបក៏ដូចជាការទទួលសារតាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក Daouda Bitie ជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូប្រចាំកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀតបន្ទាប់ពីប្រទេសនេះ បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល១៥ឆ្នាំមកហើយ ។
លោក Daouda Bitie បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុនសែន ដែលបានផ្ដល់មហាកិត្តិយសដ៏ធំធេងសម្រាប់រូបលោកបានប្រគល់សារតាំងនាឱកាសនេះ។ លោកក៏បានជម្រាបជូន សម្ដេចតេជោ ថា ជាមោទនភាពសម្រាប់លោកដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតរបស់បួគីណាហ្វាសូ ប្រចាំព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។
លោក Daouda Bitie បាននាំនូវពាក្យដ៏ថ្លៃថ្លាផ្តាំផ្ញើពីប្រធានាធិបតីរបស់បួគីណាហ្វាសូ ជម្រាបជូន សម្តេចតេជោ ថា «ពេលលោកមកបំពេញការងារនៅកម្ពុជា វាជាឱកាសមួយដែលបានរៀនសូត្រពីកម្ពុជា»។ លោកបានបញ្ជាក់ទៀតថា «កម្ពុជា និងបួគីណាហ្វាសូ គឺមានប្រវត្តិស្ថិតនៅក្រោមអាណានិគមបារាំងដូចគ្នា ដូច្នេះប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា ហើយលោកចាប់អារម្មណ៍ផ្ទាល់លើបទពិសោធរបស់ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជានាពេលកន្លងមកដែលជាបទពិសោធអាចយកជាគំរូ និងអាចរៀនសូត្របានក្នុងពេលបានបំពេញការងារនៅកម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើង របស់ឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា «សម្ដេចពេញចិត្តក្នុងការចែករំលែកនូវបទពិសោធ ហើយក៏ទទួលស្គាល់ថា បទពិសោធរបស់ប្រទេសកម្ពុជា និងបួគីណាហ្វាសូ មានភាពប្រហាក់ប្រហែលគ្នា ជាពិសេសស្ថិតនៅក្រោមអាណានិគមបារាំង ដែលអាចរៀនសូត្រពីគ្នា»។
សម្ដេចតេជោ បានចែករំលែក ពីបទពិសោធនៃការដឹកនាំប្រទេស ដោយសម្ដេចបញ្ជាក់ថា “យើងជាប្រទេសក្រីក្រអ្វីដែលយើងប្រយ័ត្នបំផុតនោះ គឺជំនួយពីបរទេសដែលជំនួយខ្លះនឹងជះផលអវិជ្ជមានផងដែរ ប្រសិនបើយើងខ្វះការគិតគូរឲ្យបានត្រឹមត្រូវ”។ សម្ដេចតេជោ ក៏បានចែករំលែកទាក់ទងនឹងការវិនិយោគសម្រាប់បរិបទកម្ពុជាកន្លងមក ដោយការវិនិយោគពីបរទេសពិតជាសំខាន់ហើយ ប៉ុន្តែរឿងដែលសំខាន់បំផុតនោះ គឺការវិនិយោគនៅក្នុងស្រុក ប្រជាជននៅក្នុងស្រុកមានការវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីក្រៅ ពីព្រោះអ្នកវិនិយោគក្រៅប្រទេសនឹងមើលឃើញស្ថានភាពល្អប្រសើរ ស្ថិរភាពនៅក្នុងប្រទេស ទើបគេមកវិនិយោគក្នុងប្រទេសយើង។
សម្ដេច ក៏បានចែករំលែកពីការផ្ដល់យោបល់ពីបរទេស ជាពិសេសប្រទេសអ្នកមានមួយចំនួន ដែលពេលខ្លះការផ្ដល់យោបល់នោះមិនប្រាកដថា “ត្រឹមត្រូវទាំងអស់នោះទេ”។ ដូច្នេះអ្វីដែលត្រូវប្រុងប្រយ័ត្ននោះយោបល់របស់ពួកគេត្រូវតែមានការថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ ពីព្រោះកម្ពុជា ក៏បានឆ្លងកាត់បទពិសោធនេះរួចទៅហើយ ដូចជាការផ្ដល់យោបល់ឲ្យកម្ពុជាលក់គយ និងរឿងផ្សេងៗមួយចំនួនទៀត។
សម្ដេចតេជោ បានបញ្ជាក់ថា «ពេលខ្លះប្រទេសអ្នកមានមួយចំនួន ពួកគេគ្រាន់តែមានសំណាងដែលបានកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា ពួកគេមានខួរក្បាលល្អជាងយើងអ្នកក្រនោះទេ»។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ អគ្គរដ្ឋទូតបានលើកឡើងចំណុចសំខាន់ដែលភាគីទាំងពីរ ត្រូវតែពង្រឹងជាមួយគ្នានោះ គឺទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយលោកបានលើកឡើងថា “ប្រទេសបួគីណាហ្វាសូមានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា”។
ជាមួយគ្នានោះ ក៏នឹងមានកិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីនផងដែរ និងចំណុចទាក់ទងទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ ។
សម្ដេចតេជោ ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ តែយ៉ាងណាសម្ដេចតេជោ បានបញ្ជាក់ថា “ភាគីទាំងពីរគួរតែបង្កើតឲ្យមានកិច្ចព្រមព្រៀងឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់”។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោក Daouda Bitie ឱ្យបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់៕

