
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុត តាមគ្រប់មធ្យោបាយ។ ចំពោះករណី ដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ រួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ា ចំនួន ០៣ លើក ទៅកាន់ក្រសួង ការបរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជាមួយអង្គការអន្តរជាតិ ជាច្រើនលើក រួមទាំង អង្គការសហប្រជាជាតិ ជាដើម។ ជាមួយគ្នានេះ ក្រសួងការបរទេស បានរៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃចាន់ និងកន្លែង ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ កាលពីចុងខែកក្កដាកន្លងទៅ។
ពាក់ព័ន្ធករណីនេះ ក៏មានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចំនួន ០១ លើក និងគណៈកម្មាធិការ ព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ចំនួន ០៤ លើក កាលពីពេលកន្លងទៅ ដោយភាគីកម្ពុជាបានលើកឡើង ជាចម្បង អំពីកិច្ចការពារបូរណភាពទឹកដីនេះដែរ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើលិខិតកំណត់ទូតតវ៉ា ចំនួន ០៣ លើក ក្នុងនាមគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ទៅកាន់សមភាគីថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើលិខិតតវ៉ា ចំនួន ០២ លើក ទៅកាន់អាជ្ញាធរខេត្តស្រះកែវរបស់ប្រទេសថៃ។
ជាមួយគ្នានេះ ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្មជា ក៏បានធ្វើកិច្ចការងារជាមួយដៃគូរបស់ខ្លួន ដោយបានដាក់ញ្ញត្តិសុំអន្តរាគមន៍ជាបន្ទាន់លើសកម្មភាពឯកតោរបស់ភាគីថៃ ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិទទួលបានទីជម្រកសមរម្យ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ទាំង១០ប្រទេស និងស្ថាប័នជាតិសិទ្ធិមនុស្សឯករាជ្យផ្សេងៗទៀត។
ក្រៅពីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើងពីបញ្ហានេះ នៅរាល់ជំនួបជាមួយថ្នាក់ដឹកនាំបរទេសសំខាន់ៗ ដោយជំរុញឱ្យមានកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ នាពេលថ្មីៗនេះ ក្នុងដំណើរ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជើង ប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកបញ្ហានេះជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន លោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និង លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវបទឈប់បាញ់ តាមរយៈវត្តមានចាំបាច់នៃយន្តការតាមដានដោយភាគីទីបី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះ ការប្រើប្រាស់យោធាចូលកាន់កាប់ដោយខុសច្បាប់ និងបណ្តេញប្រជាពលរដ្ឋស៊ីវិលដោយបង្ខំចេញពីតំបន់ដែលបាននិងកំពុងរស់នៅជាយូរលង់មកហើយ ដើម្បីទប់ស្កាត់សកម្មភាព បង្កហេតុ និងបញ្ចៀសហានិភ័យដ៏ធ្ងន់ធ្ងរ ដែលអាចឈានដល់ការផ្ទុះអាវុធសារជាថ្មី និងការប្រឈមមុខដាក់គ្នា ប្រកបដោយគ្រោះថ្នាក់។
ចំណែក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏បានប្រើប្រាស់យន្តការការទូតយ៉ាងសកម្មនៅគ្រប់ជំនួបជាមួយមេដឹកនាំបរទេស ដើម្បីរកដំណោះស្រាយដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ថា «ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាល នៅពេលបច្ចុប្បន្ន និងតទៅអនាគត»។រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តខិតខំធ្វើយ៉ាងណាឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាពដែលជា សេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ៕






