2025-09-13 14:20
10

បាត់ដំបង៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែង កំពុងធ្វើការសាងសង់យ៉ាងមមាញឹករំលោកដីចំណីផ្លូវរបស់រដ្ឋ និងលើដីធ្លីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន ប៉ុន្តែអាជ្ញាធរឃុំ ស្រុក ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធគ្មានវិធានការទប់ស្កាតនោះឡើយ។ ពាក់ព័ន្ធបញ្ហានេះ លោក ចិន សំអន មេឃុំដូនបា បានអះអាងថា៖ «អត់មានច្បាប់អនុញ្ញាតនោះទេ ហើយលោកបានប្រាប់ឱ្យផ្អាកការសាងសង់សិន ប៉ុន្តែហេតុអ្វីបានជានៅបន្តបែបនេះ? ចាំលោកចុះទៅពិនិត្យមើលនៅថ្ងៃពុធសប្តាហ៍ក្រោយ ព្រោះប៉ុន្មានថ្ងៃនេះ លោកជាប់រវុលការងារច្រើន»។

សកម្មភាពសាងសង់ស្ថានីយប្រេងឥន្ធនៈ រំលោភដីចំណីផ្លូវសាធារណៈ និងស្ថិតក្នុងដីកំពុងមានទំនាស់របស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀលនេះ មានទីតាំងក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

ជាក់ស្តែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ អ្នកសារព័ត៌មានមួយក្រុម បានចុះទៅដល់ទីតាំងសាងសងស្ថានីយប្រេងឥន្ទនៈនេះ បានជូបបុរសម្នាក់ ដែលជាអ្នកមើលការខុសត្រូវការសាងសង់ បានសអះអាងថា៖ «គាត់មិនមែនជាម្ចាស់ស្ថានីយប្រេងឥន្ធនៈទេ គ្រាន់តែអ្នកមើលការខុសលើការសាងសង់ឱ្យបងប្រុសរបស់គាត់ដែលមានឈ្មោះ ឡៅ ពៅ បច្ចុប្បន្នរស់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ពាក់ព័ន្ធច្បាប់ទំលាប់មាន ឬអត់ខ្លួនមិនបានដឹងនោះទេ ទាល់តែសួរទៅបងប្រុសរបស់ខ្លួន»។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា តាមការមើលឃើញរបស់ពួកគាត់ការសាងសង់ស្ថានីយប្រេងឥន្ទនៈនេះ នៅមុខបង្គោលភ្លើងហាក់រំលោភចូលលើដីចំណីផ្លូវរបស់រដ្ឋ ប៉ុន្តែគ្មានឃើញអាជ្ញធរណាចុះមកពិនិត្យមើលលើកការសាងសង់ត្រូវតាមបទដ្ឋានបច្ចេកទេសស្របច្បាប់អនុញ្ញាតឬយ៉ាងណា?។ ពួកគាត់បន្តទៀតថា ការសាងសង់ គឺមានរយៈពេលប្រហែលជាង ១០ថ្ងៃមក ហើយដីនេះ គឺជារបស់ក្រុមហ៊ុនចិន ដែលកំពុងមានទំនាស់ដោះស្រាយមិនទាន់ដាច់ស្រាច់នៅឡើយទេ។

យោងតាមលិខិតលេខ:០០៤/២០ សជណ ចេញដោយលោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ចុះនៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២០ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានដី ស្ថិតនៅលើទីតាំងដីតាមការអះអាងរបស់ ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហៀល ខូអិធីឌី ស្ថិតនៅ ភូមិព្រៃទទឹង ឃុំផ្ទាល់មាន់និងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ត្រូវធ្វើការផ្អាកជាបន្ទាន់នូវរាល់សកម្មភាពទាំងឡាយណាដែលបាន និងកំពុងធ្វើនៅលើដីតាមការអះអាងរបស់ក្រុម ហ៊ុន គឺ៖ «មិនត្រូវសាងសង់ផ្ទះ រោង ឬខ្ទម នៅលើទីតាំងដីនោះឡើយ, ហាមដាច់ខាតការដឹកនាំគ្រឿងចក្រគ្រប់ប្រភេទចូលមកឈូសឆាយពង្រីកនៅលើផ្ទៃដីថ្មី, មិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលបង្កបាតុភាព និងអំពើហិង្សាកើតឡើងនៅត្រង់ចំណុចទីតាំងដីជាដាច់ខាត និងអាចអាស្រ័យផលនៅលើដីដែលធ្លាប់បានអាស្រ័យផលកន្លងមកនៅលើដីរៀងៗខ្លួនត្រូវរង់ចាំការណែនាំរបស់គណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត ដើម្បីឈានទៅដល់ការបញ្ចប់ទំនាស់»។

ជុំវិញករណីនេះ លោក ឡៅ ពៅ ដែលអ្នកមើលការខុសត្រូវសាងសង់ប្រាប់ថាជាម្ចាស់ស្ថានីយប្រេងឥន្ទនៈនេះ នៅទីតាំងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡង ក្រុមការងារបានហៅទូរសព្ទសុំការការបំភ្លឺលោកបានឆ្លើយថា៖ «អត់មានផង! សួររកមើលច្បាប់អនុញ្ញាតដាកឈ្មោះរបស់អ្នកណាគេ ក្រែងរបស់ប្អូនខ្ញុំអ្នកធ្វើទេដឹង»។ 

ពាក់ព័ន្ធការសាងសង់ស្ថានីយប្រេងឥន្ទនៈលើដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ដែលមហាជនសង្ស័យថាគ្មានច្បាប់អនុញ្ញាតិពីមន្ត្រីជំនាញនោះ លោក ចិន សំអន មេឃុំគោករការ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ការសាងសង់ស្ថានីយប្រេងឥន្ទនៈរបស់ឈ្មោះ ឡៅ ពៅ គឺអត់មានច្បាប់អនុញ្ញាតឡើយ»។ លោកមេឃុំបានបន្ថែមទៀតថា លោក ឡៅ ពៅ បានទូរសព្ទមកប្រាប់គាត់ ថា “មានគេមកហាមឃាត់” ហើយលោកក៏បានប្រាប់ទៅវិញថា “បើទីតាំងកំពុងសាងសង់នោះប៉ះពាល់លើដីរបស់ក្រុមហ៊ុនអេហ្គ្រីខលឈ័រ ត្រូវផ្អាកការសាងសង់សិនទៅ”។ 

លោកមេឃុំ ចិន សំអន បានបញ្ជាក់ថា «ប្រសិនការសាងសង់ស្ថានីយប្រេងឥន្ទនៈនៅតែបន្តបែបនេះ នៅថ្ងៃពុធសប្តាហ៍លោកនឹងចុះពិនិត្យ និងផ្អាកមិនឱ្យសាងសង់ទៀតទេ»។ 

លោក អ៊ុម វ៉ារី មេធាវីតំណាងដោយអាណត្តិរបស់ក្រុមហ៊ុនអេហ្គ្រីខលឈ័រ ហ្គ្រីនហៀល បានប្រាប់ឱ្យដឹងថា «ករណីបុគ្គលដែកកំពុងតែសាងសង់រំលោភលើដីរបស់ក្រុមហ៊ុនកំពុងមានទំនាស់នេះ លោកបានដាក់បណ្តឹងស្នើសុំកិច្ចអន្តរាគមន៍ទៅកាន់អាជ្ញាធរឃុំដូនបា ប៉ុន្តែទាន់ទទួលបានការឆ្លើយតបនៅឡើយ។ ចំពោះវិធានការនៃការទប់ស្កាត់ ផ្អាក ឬហាមឃាត់ម្ចាស់ការដ្ឋានសាងសង់ក៏មិនទាន់មានដែរ»។ 

លោកមេធាវីបានសង្កត់ធ្ងន់ថា៖ «រឿងសាងសង់ស្ថានីយប្រេងឥន្ធនៈនេះ គឺរំលោភលើ “សជណ” របស់រដ្ឋបាលស្រុកគាស់ក្រឡ និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងផ្ទុយទៅខ្លឹមសារ “សជណ” របស់ក្រសួងមហាផ្ទៃផងដែរ ឱ្យផ្អាករាល់សកម្មភាពទាំងឡាយណាដែលបានធ្វើ និងកំពុងធ្វើនៅលើទីតាំងជីតាមការអះអាងរបស់ក្រុមហ៊ុនអេហ្គ្រីខលឈ័រ ហ្គ្រីនហៀល ខូអិធីឌី ដែលស្ថិតនៅភូមិព្រៃទទឹង ឃុំផ្ទាល់មាន់ និងភូមិគោករកា ឃុំជូនប្ផា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង»។

ជុំវិញការសាងសង់ស្ថានីយប្រេងឥន្ទនៈលើដីក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀម កំពុងមានទំនាស់នេះ លោក ឌី ពៅ អភិបាលរងស្រុកគាស់ក្រឡ និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុក បានថ្លែងប្រាប់តាមទូរសព្ទថា៖ «អ្នកដែលពាក់ព័ន្ធពាក្យបណ្តឹងចូលទៅរដ្ឋបាលស្រុកសិនហើយមិនដឹងថាចៅហ្វាយស្រុកមានសិទ្ធសម្រេចថានឹងឱ្យចុះទៅទប់ស្កាត់ ឬមានវិធានលើបញ្ហានេះ។ ចំពោះរូបលោកគ្មានសិទ្ធនោះទេ ទាល់តែគេប្រើទើបចុះទៅបាន»។ ក្នុងរឿងទំនាស់ដីធ្លីរវាងក្រុមហ៊ុនអេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ជាមួយប្រជាពលរដ្ឋនេះ ដែលកើតមានរ៉ាំរ៉ៃប្រមាណជា១០ឆ្នាំ ដោះស្រាយមិនទាន់ចប់នេះ លោក ឌី ពៅ បានសង្កត់ធ្ងន់ថា៖ «រឿងនេះម្នាក់ៗហាក់ដូចមិនយកចិត្តទុកដាក់ទប់ស្កាត់នោះទេ។ បើលោកធ្វើតែម្នាក់ឯងគេលាភពណ៌ ចោទប្រកាន់ទំលាក់កំហុស»។ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ នៅពេលទំនាក់ទំនងសុំការបំភ្លឺជុំវិញ ករណីសាងសង់ស្ថានីប្រេងឥន្ធនៈ នៅភូមិគោករកា ឃុំដូនបា ដែលមហាជនមើលទៅហាក់ដូចជារំលោភលើដីចំណីផ្លូវសាធារណៈ និងមានច្បាប់អនុញ្ញាតដែរ ឬគ្មានច្បាប់នោះ លោកឆ្លើយយ៉ាងខ្លីថា៖ «ម៉េចបានដឹងថាវារំលោភលើដីចំណីផ្លូវ? ក្រោយទទួលព័ត៌មាននេះ ចាំលោកធ្វើការស្រាវជ្រាវ រួចក៏បិទទូរសព្ទតែម្តង»៕