
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានថ្លែងថា «អតីតយុទ្ធជនយើងទាំងអស់ ដែលបានពលីកម្មលះបង់គ្រប់បែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ថែរក្សាការពារនូវសុខសន្តិភាព សុវត្ថិភាពជូនប្រជាជនកម្ពុជា និងសង្គមជាតិទាំងមូល»។
សម្តេចតេជោបានរំឭកថា មហាសន្និបាតវិសាមញ្ញអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ជាដំបូងឡើយគ្រោងរៀបចំធ្វើនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានអ្នកចូលរួមរហូតជាង ៣ពាន់នាក់ ប៉ុន្តែដោយសារស្ថានការណ៍នៅតាមព្រំដែនជាមួយប្រទេសជិតខាងកើតមានឡើង ទើបមានការកែប្រែកម្មវិធី ដោយមហាសន្និបាទតូចល្មមនាពេលនេះ។
សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស លើកទី៣ នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ ៤០០ នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មហាសន្និបាតនាពេលនេះ គឺរៀបចំឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋគ្រប់រូបនឹកឃើញ និងចងចាំជានិច្ចនូវពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុវនារី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងអ្នកស្នេហាជាតិគ្រប់រូប ដែលបានលះបង់អាយុជីវិតបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល»។
សម្តេចតេជោបានបញ្ជាក់ថា ដួងព្រលឹងបុព្វបុរស និងអ្នកស្នេហាជាតិទាំងអស់ នឹងស្ថិតនៅជាម្លប់ និងជានិម្មិតរូបនៃការធ្វើពលីកម្មសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់សម្រាប់ជាវីរភាពដល់ខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាពបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិរន្តតរៀងទៅ៕

