2025-10-01 15:22
25

‎កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃ០១ ខែតុលា ឆ្នាំ២០២៥ លោកឧបកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នាសម័យប្រឡង ២៨ សីហា ២០២៥ កន្លងមកនេះ។ 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលខេត្តកំពង់ស្ពឺ ប្រធានយុវជន ស ស យ ក លោកអភិបាលក្រុង/ស្រុក  លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនទៀត។ ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។

‎លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ  អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ ដែលស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោក ការទទួលបានចំណេះដឹងដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងឪពុកម្តាយ ក៏ដូចជាអាព្យាបាល ដោយមានការជ្រោមជ្រែងគ្រប់អ្នកពាក់ព័ន្ធ ពិសេសការឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡាខេត្តព្រៃវែងកាន់តែរីកចម្រើនជាបន្តបន្ទាប់។

‎លោកបានបន្ថែមទៀតថា ក្នុងនោះកាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ខេត្តកំពង់ស្ពឺមានបេក្ខជនប្រឡង សរុប ៥,៧៧២ នាក់ ស្រី ៣,២៩០ នាក់ ជាប់សរុប ៥,០៣៨ នាក់ ស្រី ៣,០១៤នាក់ ស្មើនឹង ៨៧.២៨%។ ‎ក្នុងនោះ និទ្ទេស A ចំនួន ៧៩ នាក់ ស្រី ៥០នាក់ (ស្រុកគងពិសី ១២នាក់, ក្រុងច្បារមន ២៣នាក់, ស្រុកបសេដ្ឋ ៨នាក់, ស្រុកភ្នំស្រួច ៨នាក់, ស្រុក សំរោងទង ១៦នាក់, និងក្រុងឧដុង្គម៉ែជ័យ ១២នាក់) ដោយក្នុងឆ្នាំ២០២៥នេះ សិស្សនិទ្ទេស A ក្នុងខេត្តកំពង់ស្ពឺ មានការកើនឡើងគួរឱ្យកត់សម្គាល់ (ឆ្នាំ២០២៤ មានសិស្សនិទ្ទេស A ៤៧ នាក់ តែឆ្នាំ២០២៥ កើនឡើងរហូតដល់ ៧៩នាក់) លទ្ធផលនេះគឺបានជួយលើកកិត្តិយស ដល់ប្អូនៗផ្ទាល់ ក្រុមគ្រួសារ និងសាលារៀន ព្រមទាំងមូលដ្ឋានក្រុង/ស្រុក ហើយជាពិសេសទៅទៀតនោះ គឺមុខមាត់របស់ខេត្តកំពង់ស្ពឺយើងទាំងមូលតែម្តង។

‎ក្នុងឱកាសនោះដែរ លោកឧបកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ សូមកោតសរសើរដល់ ប្អូនៗ ដែលទទួលបាននិទ្ទេស A ថ្ងៃនេះ ដែលសមិទ្ធផលនេះ គឺកើតឡើងចេញពីឆន្ទៈដ៏មុះមុតរបស់ប្អូនៗ ក្នុងការកំណត់ គោលដៅច្បាស់លាស់ ជំនះពុះពារឧបសគ្គ ខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យក្នុងការសិក្សារបស់ខ្លួន និងសម្រេចឱ្យបាននូវគោលដៅដែលខ្លួន និងលោកគ្រូ អ្នកគ្រូ ជាពិសេសអាណាព្យាបាល ប៉ងប្រាថ្នា ដែលចង់ឃើញ កូនៗ របស់ខ្លួនទទួលបានភាពជោគជ័យនាពេល បច្ចុប្បន្ន និងនាពេលអនាគតបន្តទៀត។

‎លោកបានបន្តថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ជាក់ស្តែងសម្តេចបានណែនាំឲ្យក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ។

‎លោកឧបនាយករដ្ឋមន្ត្រី សូមសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា លោកនាយក នាយិកាវិទ្យាល័យទាំង២៦ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរក្រុង/ស្រុកទាំងអស់ សូមបន្តលើកទឹកចិត្តដល់ប្អូនៗ ដែលមិនបានជាប់ឆ្នាំនេះ កុំ ឱ្យមានការបាក់ទឹកចិត្ត និងបន្តជំរុញពួកគាត់ឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីបានប្រឡងជាប់នៅឆ្នាំក្រោយ ឬអាចជួយជំរុញឱ្យពួកគាត់ សិក្សាជំនាញបច្ចេកទេសនានាបាន តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ ងាយស្រួលស្វែងរកការងារធ្វើ  និងបន្តប្រឹងប្រែងទៅមុខទៀត ដើម្បីមានអាជីពការងារមួយច្បាស់លាស់ទៅថ្ងៃ អនាគត ដែលអាចជួយជ្រោមជ្រែងដល់គ្រួសារ ឪពុកម្តាយ និងត្រូវធ្វើជា កូនល្អ សិស្សល្អ យុវជនល្អសម្រាប់ប្រទេសជាតិ។ មួយទៀតបើអាច សូមជួយ ចែករំលែកនូវភាពជោគជ័យនេះដល់ប្អូនៗយើងជំនាន់ក្រោយជាបន្តទៀតផងដែរ។

‎សូមបញ្ជាក់ថា នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៧៩ នាក់ ក្នុងម្នាក់ៗ ទទួលបាន កំព្យូទ័រ ០១ គ្រឿង៕