2025-10-03 10:10
7

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ឃាត់ខ្លួនបុរសជាជនជាតិថៃ ចំនួន ០២ នាក់ ពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីម៉ោងជាង១២ រំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុច ដីវាលមុខបុរី «ស្តារហ្គោល» ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ ២៧ឆ្នាំ ជាជនជាតិថៃ ជាម្ចាស់អាវុធ និងឈ្មោះ ឡាំភុម រ៉ាត់តាណាក់កែវមន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ ២២ឆ្នាំ ជាជនជាតិថៃ ពួកគេទាំង២នាក់ ស្នាក់នៅម្ដុំវត្តជាយដែនស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រោយពេលឃាត់ខ្លួនជនជាតិថៃទាំង២នាក់ កងរាជអាវុធហត្ថបានរកឃើញ និងដកហូតវត្ថុតាងជាអាវុធខ្លី ០១ ដើម ម៉ាក ស៉ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខ 66A986594, បង់ចំនួន ១ គ្រាប់ ចំនួន ១០ គ្រាប់ និងសំបកគ្រាប់បាញ់រួច ចំនួន 0៤ គ្រាប់។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕