
ភ្នំពេញ៖ ប្រធានគណបក្សនយោបាយ ចំនួន ០២ របស់ប្រទេសថៃ គឺគណបក្សប្រជាជន និងគណបក្សយុត្តិធម៌ បានចេញមកទទួលស្គាល់ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែន កម្ពុជា-ថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃ រងភាពអាម៉ាសលើឆាកអន្តរជាតិ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណកម្មការធិការសិទ្ធិមនុស្សកម្ពុជា នាព្រលប់ថ្ងៃទី១៤ ខែតុលានេះ។
បើតាមលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានបញ្ជាក់ថា «នេះគឺបុគ្គលទី៤ និងទី៥ ហើយ បន្ទាប់ពីលោកស្រី Angkhana Neelapaijit ឧត្តមមន្រ្តីនៃការិយាល័យមហាអយ្យការប្រទេសថៃ និងលោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ដោយបានទទួលស្គាល់ថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)»។
យោងតាមកាសែត Khaosod English ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើង របស់ លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ និងលោក Natthapong Ruangpanywauth ប្រធានគណបក្សប្រជាជន លើករណី បុគ្គលឈ្មោះ Kun Jom Palang ដែលជា Influencer ដ៏ល្បីល្បាញលើបណ្តាញសង្គម បាននាំយកឧបករណ៍សំឡេង ដើម្បីចាក់សំឡេងខ្មោច និងសំឡេងយន្តហោះចម្បាំង ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោក Kavannavee Suebsaeng បានលើកឡើងថា៖ “ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេង ខ្មោច គឺជាការរំលោភសិទ្ធិមនុស្ស និងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ ពួកយើងគួរត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់វេទិកាអន្តរជាតិប្រកបដោយដោប្រសិទ្ធភាព។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញសង្គម និងយោធា ព្រមទាំងរាជរដ្ឋាភិបាល មិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ។”
ចំណែកលោក Natthapong Ruangpanywauth បានព្រមានថា៖ “សកម្មភាពប្រើប្រាស់ធុងបាស់ចាក់ សំឡេងខ្មោច និងយន្តហោះចម្បាំង ទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះពាល់ដល់ផ្លូវចិត្តរបស់ ប្រជាជនកម្ពុជា រំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យខូចមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិ”។ លោកបានបញ្ជាក់បន្ថែមថា “ដោយតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក រាជរដ្ឋាភិបាល និងយោធាត្រូវទទួលខុសត្រូវ ក្នុងការទប់ស្កាត់សកម្មភាព ដែលអាចបង្កើនភាពតានតឹង”៕


