
ថៃ៖ ថៃប្រឹងលាងខ្លួន និងការពារមុខមាត់ប្រទេសខ្លួនហើយពេលនេះ ក្រោយលោកស្រី Angkhana សមាជិកសភាថៃប្រលាត់បកស្បែកមុខរបស់ថៃ ប្រៀបបាននិងដើរស្រាតកណ្ដាលវ៉ូងមនុស្សនោះ ថាថៃពិតជាបានឈ្លានពានកម្ពុជា និងវាយប្រហារកម្ពុជាមុន ដោយប្រើប្រាស់យន្តហោះចម្បាំង F 16 ទំលាក់គ្រាប់បែកបំផ្លិចបំផ្លាញតំបន់ស៊ីវិលកម្ពុជា និងទីតាំងប្រាសាទបុរាណខ្មែរពិតប្រាកដមែន។ ដោយយកទីតាំងទាំងនេះធ្វើជាទីតាំងយោធា ដើម្បីបើកការវាយប្រហារ ដែលខុសនិងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនិងមនុស្សជាតិ ។
ស្រាប់តែអ្នកនាំពាក្យកងទ័ពអាកាសថៃលោកឧត្តមនាវីឯក Jackkrit Thammavichai បានមុខនិយាយការពារខ្លួនថា ការវាយប្រហារផ្លូវអាកាសថ្មីៗនេះ គឺប្រឆាំងនឹងទីតាំងយោធាកម្ពុជា ហើយជាការការពារខ្លួនដោយស្របច្បាប់ បន្ទាប់ពីមានការវាយប្រហារម្តងហើយម្តងទៀតលើជនស៊ីវិលថៃ។
ការចេញបំភ្លឺបកស្រាយរបស់អ្នកនាំពាក្យកងទ័ពអាកាសថៃរូបនេះ ដើម្បីលាងខ្លួនទាំងនិយាយបំពានការពិត ដោយបើកមាត់តែមិនបានបើកភ្នែក ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ដែលចោទប្រកាន់ថាប្រទេសថៃបានផ្តួចផ្តើមការវាយប្រហារលើកម្ពុជាមុន ដោយប្រើយន្តហោះចម្បាំង F-16 លោកបន្តនិយាយទាំងបំពានគ្មានភាពអៀនខ្មាស់ និងសេចក្ដីថ្លៃថ្នូរក្នុងខ្លួន ដោយចោទកម្ពុជាថា៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣៣នាទី គ្រាប់រ៉ុក្កែត BM-21 របស់កម្ពុជា បានកំណត់គោលដៅវាយប្រហារ លើតំបន់ជនស៊ីវិលថៃ រួមទាំងហាង 7-Eleven ដែលបណ្តាលឲ្យមានអ្នកស្លាប់-រងរបួសបន្ថែមទៀត។ នេះបើតាមកាសែតថៃ Khaosod ។
អ្នកនាំពាក្យកងទ័ពអាកាសថៃ (RTAF) បាននិយាយទទួលស្គាល់ទៀតថាកងទ័ពអាកាសថៃពិតជាបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ជាលើកដំបូងរបស់ខ្លួននៅម៉ោង 10:38នាទី នៅថ្ងៃទី២៤ ខែកក្កដា ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះ Gripen ដើម្បីបើកវាយប្រហារសង្រ្គាប់មកលើកម្ពុជា ក្នុងការការពារអធិបតេយ្យភាពថៃ និងអាយុជីវិតជនស៊ីវិលថៃ។
អ្នកនាំពាក្យកងទ័ពអាកាសថៃបន្តថា៖ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងក្រោមច្បាប់អន្តរជាតិ រួមទាំងសិទ្ធិការពារខ្លួនរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា៥១ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពចាំបាច់ សមាមាត្រ និងភាពខុសគ្នារវាងគោលដៅយោធា និងស៊ីវិល។ អ្នកនាំពាក្យកងទ័ពអាកាសថៃ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងប្រជាពលរដ្ឋរបស់ប្រទេសថៃ ខណៈពេលដែលការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕









