
ថៃ៖ អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់ UN សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង «អំពីសុវត្ថិភាព» របស់សមាជិកព្រឹទ្ធសភាថៃ គឺលោកស្រី Angkhana Neelapaijit ទទួលរងការវាយប្រហារដោយពាក្យសំដី និងការធ្វើឃាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកស្រីបានរិះគន់ការប្រើប្រាស់សំឡេងខ្មោចខ្លាំងៗប្រឆាំងនឹងប្រជាជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ដោយក្រុមអ្នកល្បីឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថៃ Influencer។
ប្រព័ន្ធផ្សព្វផ្សាយថៃ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Mary Lawlor បានបង្ហោះសារលើហ្វេសប៊ុកផ្លូវការ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់សមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelapaijit ដែលបានរងការវាយប្រហារដោយពាក្យសម្តីយ៉ាងធ្ងន់ធ្ងរ និងការបំផ្លាញកិត្តិយសពីអ្នកជាតិនិយមជ្រុលថៃ។ ការយាយីទាំងនោះបានកើតឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃរូបនេះ បានរិះគន់ការប្រើប្រាស់សំឡេងខ្មោចលងឮៗ ប្រឆាំងនឹងប្រជាជនខ្មែរ ដោយអ្នកមានឥទ្ធិពលលើបណ្តាញសង្គមថៃ។
លោកស្រី Lawlor បានសរសេរថា «លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ស្តីពី ការគំរាមសម្លាប់ និងការវាយប្រហារតាមអនឡាញប្រឆាំងនឹង លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភា និងជាអតីតជាអ្នកការពារសិទ្ធិមនុស្សជាស្ត្រីនៅប្រទេសថៃ។ ការការពារការពិត យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ មិនមែនជាឧក្រិដ្ឋកម្មទេ។ លោកស្រីត្រូវតែទទួលបានការការពារ មិនមែនត្រូវបានគេបង្អាប់ឡើយ»។
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់ UN លោកស្រី Lawlor បានអំពាវនាវឱ្យអាជ្ញាធរថៃ ធានាថា «អ្នកស្រី Angkhana មានសុវត្ថិភាព និងអាចបន្តការងាររបស់គាត់ដោយសេរីភាព និងគ្មានការគំរាមកំហែង»។
គួរបញ្ជាក់ថា លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាថៃ បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីក្រុមជាតិនិយមជ្រុលថៃ។ ការរិះគន់កើតឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភារូបនេះ បានចេញមុខព្រមានប្រឆាំងនឹងការប្រើប្រាស់យុទ្ធសាស្ត្របំភិតបំភ័យ រួមមាន ការចាក់ផ្សាយសំឡេងខ្មោច ឆ្កែព្រុស ឆ្កែ និងសំឡេងយន្តហោះ ដែលមានគោលបំណងសំដៅទៅលើប្រជាជនកម្ពុជា ដែលតាំងទីលំនៅនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជួយ ដោយចាត់ទុកថា សកម្មភាពនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបន្ថោកបន្ទាប ផ្ទុយពីច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ក្នុងប្រទេសថៃផងដែរ៕


