2025-10-17 15:10
7

 

ខេត្តកំពង់ធំ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ រួមមាន លោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី, លោកនាយសង្កាត់រដ្ឋបាលជលផលពាមបាង និងសហការី លោកនាយសង្កាត់រដ្ឋបាលជលផលស្ទោង និងសហការី ព្រមទាំងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង ចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានជលផលនៅចំណុចបាឡត រហូតដល់បាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ 

ក្នុងបេសកកម្មនេះ កម្លាំងចម្រុះបានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងសរុបរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន ៦របាំង ប្រវែង ១ ៤០០ម៉ែត្រ, ឡុកសាច់អួនចំនួន ១២ គ្រឿង, លូលបចំនួន១៦ មាត់, និងបង្គោលកូនឈើចំនួន ១៥០ ដើម។ 

នាដំណើរនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានផ្ដល់សូឡា (pecron) ដល់សង្កាត់រដ្ឋបាលជលផលពាមបាង ចំនួន ០២គ្រឿង និងសង្កាត់រដ្ឋបាលជលផលស្ទោង ចំនួន០១គ្រឿង ដើម្បីប្រើប្រាស់។ 

ជាចុងបញ្ចប់ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសំណូមពរដល់សហការីជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចទទួលភារកិច្ចលើភូមិសាស្រ្តបឹងទន្លេសាប ឱ្យបន្តរួមសហការគ្នាឱ្យកាន់តែស្អិតរមួលបន្ថែមទៀត ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងដែនបឹងទន្លេសាប៕