
ព្រះវិហារ៖ គណៈប្រតិភូរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញចុះបំពេញទស្សនកិច្ចនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីពិភាក្សាជាមួយអាជ្ញាធរខេត្ត ក្នុងការដាក់ចេញនូវផែនការសកម្មភាពជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព ទាក់ទងនឹងការងារស្ដារកម្រិតជីវភាព និងស្ដារលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះ និងត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងបន្ទាប់ពីសង្រ្គាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការ ស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោក ណុប វុទ្ធី និងលោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកសម្របសម្រួលមណ្ឌលសុវត្ថិភាព តំណាងលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។
វត្តមានរបស់គណៈប្រតិភូក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់ និងយូរអង្វែង ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលនយោបាយគាំពារសង្គមដ៏រឹងមាំរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ លោក ចន ណារិទ្ធ រួមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការពិតប្រាកដរបស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹកដោយផ្ទាល់ នៅតាមទីតាំងស្នាក់នៅបណ្ដោះអាសន្ន ដើម្បីប្រមូលព័ត៌មានជាក់លាក់សម្រាប់រៀបចំយុទ្ធសាស្ត្រស្ដារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព៕

