2025-10-24 09:36
28

បាត់ដំបង៖ អគ្គិភ័យបានឆាប់ឆេះផ្សារទំនើប ហេង ឆាយលី (Heng Chhay Ly Mart) ក្រុងបាត់ដំបង អស់ចំនួន ២៣ ល្វេង និងផ្ទះប្រជាពលរដ្ឋក្បែរៗនោះមួយចំនួនទៀត បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ដោយមិនទាន់មូលហេតុ។ ភ្លាមៗក្រោយកើតហេតុ កម្លាំងពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់ និងទប់ស្កាត់កុំឱ្យរីករាលដាលកាន់តែធំ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ២២និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ចំណុច ផ្សារទំនើប ហេង ឆាយលី (Heng Chhay Ly Mart)  ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងប្រតិបត្តិការជួយសង្គ្រោះករណីគ្រោះអគ្គិភយខាងលើ សមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តអគ្គិភ័យពីមកពីតាមបណ្តាក្ុរង ស្រុក ចំនួន ១៣ គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ ចំនួន ៦៨ រថយន្ត ទើបទប់ស្កាត់ និងគ្រប់គ្រងស្ថានការនៃការឆាបឆេះរាលដាលនេះបាន។

ក្នុងគ្រោះអគ្គិភ័យនេះ បានបង្កការខូចខាតអាគារផ្សារទំនើប «ហេង ឆាយលី» ចំនួន ២៣ ល្វែង កម្ពស់ ០៤ ជាន់ និងលំនៅដ្ឋានមួយចំនួននៅក្បែរនោះផងដែរ ហើយរហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៅបន្តការងារនេះនៅទីតាំងនោះនៅឡើយ។

ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ និងទំហ៊ំនៃការខូចខាតទ្រព្យសម្ភារៈ ពិតប្រាកដស្ថិតក្នុងការស្រាវជ្រាវ៕