2025-10-24 09:59
13

ថ្លែងក្នុងសន្នីសិទ្ធសារព័ត៌មានមួយ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមានសមត្ថភាពវាយប្រហារចូលជ្រៅ ៣០០០ គីឡូម៉ែត្រទៅក្នុងទឹកដីរុស្ស៊ីដោយប្រើអាវុធរយៈចម្ងាយឆ្ងាយផលិតក្នុងស្រុក។

អ៊ុយក្រែនកាន់តែបង្កើនសាច់ដុំដែលខ្លួនកំពុងត្រៀម ដើម្បីវាយបកទៅរុស្ស៊ីវិញ ជាមួយនឹងសព្វាវុធ ដែលប្រទេសដ៏កំសត់នេះបានទិញពីប្រទេសផ្សេងទៀត។ 

ទីក្រុងគៀវ គ្រោងនឹងចំណាយលុយរាប់ពានលានដុល្លារ ដើម្បីពង្រឹងផ្នែកទ័ពអាកាសរបស់ខ្លួនបន្ថែមទៀត ដោយបញ្ជារទិញយន្តហោះ Gripen ពីស៊ុយអែត ជំនួសយន្តហោះចាស់ៗរបស់ខ្លួន។  

របាយការណ៍បានបង្ហាញថា អ៊ុយក្រែនកំពុងនឹងពិភាក្សាការបញ្ជាទិញយន្តហោះចម្បាំងរបស់ក្រុមហ៊ុន Saab សេរី JAS 39E Gripen ចន្លោះពី 120-150 គ្រឿង វាជាចំនួននៃការលក់ដ៏សន្ធឹកសន្ធាប់បំផុតមិនធ្លាប់មានក្នុងប្រវិត្តសាស្ត្រ។ នេះបើតាម national security journal នៅថ្ងៃទី២៣ តុលា ។ 

ក្រោយការបង្អួចសាច់ដុំរបស់ទីក្រុងគៀវ ស្រាប់តែ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានគម្រាមទៅ ហ្សេលែនហ្គី យ៉ាងច្បាស់ៗវិញថា ប្រសិនអ៊ុយក្រែនហ៊ានវាយប្រហារប្រទេសរុស្ស៊ីដោយអាវុធវាយលុកចម្ងាយឆ្ងាយ ការឆ្លើយតបរបស់រុស្ស៊ីនឹងក្លាយជាការបំផ្លាញដ៏ខ្លាំងក្លា និងគ្រោះមហន្តរាយបំផុត។

គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជាអាមេរិក ក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀតបានរួមគ្នាដាក់ទណ្ឌកម្មថ្មីទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីគាបសង្កត់ប្រទេសនេះបញ្ឈប់ការឈ្លានពានលើអ៊ុយក្រែនយ៉ាងណាក៏ដោយ តែ ពូទីន ហាក់ព្រងើយកន្តើយមិនខ្វល់ពីផលប៉ះពាល់នៃទណ្ឌកម្មខាងលើនោះទេ។ 

ផ្ទុយទៅវិញទីក្រុងម៉ូស្គូ បែរជាយកពេលដើម្បីធ្វើសមយុទ្ធនុយក្លេអ៊ែរដ៏ធំមួយ ដើម្បីបង្អួចសាច់ដុំខ្លួនឯងយ៉ាងរំភើយទៅវិញ៕