នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រីដាំ ដារីនី អនុប្រធាន ស.ស.យ.ក. ព្រមទាំងគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តដោយនាំយកនូវពានរង្វាន់អាស៊ាន មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយជោគជ័យ និងសុវត្ថិភាព ព្រមទាំងមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកស្រីអនុប្រធាន ស.ស.យ.ក. បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបាននាំយកពានរង្វាន់ដ៏មានអត្ថន័យនេះ មកជូនក្រុមគ្រួសារស.ស.យ.ក. រួមទាំងប្រជាជាតិខ្មែរទាំងមូល។ លោកស្រី បានគូសបញ្ជាក់ថា «ពានរង្វាន់ដែល ស.ស.យ.ក. ទទួលបាននេះ មិនមែនសម្រាប់សម្រាប់អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ តែវាជាមោទនភាពមួយសម្រាប់សមាជិក សមាជិកាគ្រប់រូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ស្មគ្រ័ចិត្តចូលរួមជាមួយ ស.ស.យ.ក. រហូតសម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក»។
គួរបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានអគ្គលេខាធិការអាស៊ានសម្រេចប្រគល់ជូន ស.ស.យ.ក. ដោយផ្អែកតាមការវាយតម្លៃលើ តួនាទីដ៏សកម្មរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ការរួមចំណែកចំពោះសមាហរណកម្មតំបន់ តាមរយៈគំនិតផ្តួចផ្តើម ដោយយុវជន និងគំនិតផ្តួចផ្តើមឆ្លងកាត់វប្បធម៌ ជាច្រើន រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់វប្បធម៌ និងលើកកម្ពស់ការកសាងសន្តិភាពក្នុងចំណោមយុវជនអាស៊ាននិងដៃគូសកលរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលឱ្យមានការចូលរួមរបស់យុវជនតាមរយៈការអភិវឌ្ឍសមត្ថភាព និងការជំរុញឱ្យមានការចូលរួមក្នុងសហគមន៍៕






