2025-10-26 16:27
9

កំពង់ស្ពឺ៖ មនុស្សម្នាក់ បានកៀបស្លាប់ក្នុងកាប៊ីនរថយន្ត និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរថយន្តកុងតឺរន័រ ចំនួន ០២ គ្រឿង បុកគូកគ្នាលើផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០០និង០១នាទីរំលងអធ្រាត្រ ស្ថិតនៅលើផ្លូវល្បឿនលឿន ត្រង់ចំណុច PK68+300 ស្ថិតនៅក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍ បានឱ្យដឹងថា មានរថយន្ត ០១ គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9050 បើកបរដោយ ឈ្មោះ គ្រី វីរៈ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ដោយមានអ្នករួមដំណើរម្នាក់ មានឈ្មោះ សៀន សុវណ្ណថាវីន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រងរបួសធ្ងន់ ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើតដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត ០១ គ្រឿង ម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-0674 មានសណ្ដោងសឺមីរឺម៉ក ស្លាកលេខ ព្រះសីហនុ 4A-0282 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ 

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា តាមការពិនិត្យលើភស្ដុតាង និងហេតុការណ៍ ពីមន្ត្រីជំនាញអាចមកពីរថយន្ដខាងមុខបើកបរមិនស្របតាមល្បឿនកំណត់ រីឯរថយន្ដក្រោយមិនគ្រប់គ្រងស្ថានការណ៍បាន ឬអាចងងុយគេង ឬបាត់ម្ចាស់ការ ឬមានការភាំងដោយប្រការណាមួយ ទើបបង្កឱ្យមានគ្រោះថ្នាក់តែម្តង។ 

ចំពោះសពបានសពជនរងគ្រោះតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រងចាំប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករបួសកំពុងសង្គ្រោះបន្ទាន់។ រីឯមធ្យោបាយបង្កហេតុគ្រោះថ្នាក់ទាំង ០២ គ្រឿង ធ្ងន់ ០១ គ្រឿង និងខូចខាតស្រាល ០១ គ្រឿង ជំនាញបានសហការបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្ដនីតិវិធីច្បាប់៕