2025-10-26 16:20
8

ភ្នំពេញ៖ ក្រោយមានពិធីចុះហត្ថលេខាលើឯកសាររួម ដែលគេហៅថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានមហាអំណាចសហរដ្ឋអាមេរិក និងប្រធានអាស៊ានជាសាក្សី ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅម៉ាឡេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា៖ «នេះជាការប្រមូលផលដើមរដូវ នៃយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម របស់ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»

សម្តេចតេជោបានបន្ថែមថា «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា-ថៃ គឺក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់យើង»

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ បានចុះហត្ថលេខារួមគ្នាលើឯកសាររួម ដែលគេហៅថា «កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ» ក្រោមអធិបតីភាព លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ នារសៀល ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ទទួលបានការអបអរសារទរយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ចំពោះសន្តិភាពនេះ៕