ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រឹងប្រែងចូលរួមគ្រប់សកម្មភាព ដើម្បីសង្គម ជាពិសេសការលះបង់ កម្លាំងកាយ ចិត្ត ស្មោះស្ម័គ្រ ជួយជ្រោមជ្រែង គាំទ្រដល់ប្រជាជនកម្ពុជាគ្រប់រូបភាព មិនថាក្នុងដំណាក់កាលដែលប្រទេសជួបទុក្ខលំបាក ឬសន្តិភាពឡើយ។ គ្រប់សកម្មភាពទាំងអស់របស់ សមាជិក សមាជិការយើង គឺដើម្បីបំពេញបេសកកម្មក្នុងបុព្វហេតុជាតិមាតុភូមិក្នុងនាមជាយុវជនបន្តវេន។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ពានរង្វាន់ដែលយើងទទួលបាននៅក្នុងដៃនាពេលនេះ គឺសម្រាប់ក្រុមគ្រួសារ ស.ស.យ.ក ទាំងអស់នៅទូទាំងប្រទេស គ្រប់គ្នាគឺជាម្ចាស់នៃជ័យលាភីមួយនេះ។ នេះ គឺជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដែលជាសក្ខីកម្មនៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិក របស់ ស.ស.យ.ក គ្រប់រូបៗ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានា ក្រោមទិសស្លោក “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ”។
លោក ហ៊ុន ម៉ានី បានអបអរសាទរចំពោះជោគជ័យដ៏ត្រចេះត្រចង់របស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា។ ភាពជោគជ័យមួយដែល ស.ស.យ.ក. ទទួលបាននោះ គឺជាការដែលបានបង្ហាញពីសង្គមកម្ពុជាមួយដែលតែងតែរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ជាពិសេសការបង្ហាញពីសក្តានុពលយុវជនរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានជ្រើសរើសជាជ័យលាភីទទួលពានរង្វាន់អាស៊ានឆ្នាំ២០២៥
ដោយមានលោកស្រី ដាំ ដារ៉ានី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឱ្យ លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ ២០២៥ បានទទួលពានរង្វាន់អាស៊ាន ពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងលោកបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕






