វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃចន្ទ ថា សហរដ្ឋអាមេរិករំពឹងថា ប្រទេសថៃនឹងធ្វើការជាមួយកម្ពុជា ដើម្បីចាប់ផ្តើមការដោះលែងទាហានកម្ពុជា ១៨នាក់ភ្លាមៗ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃអាទិត្យកន្លងទៅ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០២៥។
យោងតាមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានលើកឡើងថា "ការរំពឹងទុករបស់យើងគឺថា ដំណើរការនេះទាក់ទងទៅនឹងការប្តេជ្ញាចិត្តទាំងអស់ ចាប់ផ្តើមភ្លាមៗនៅពេលដែលពួកគេត្រូវបានចុះហត្ថលេខា។"
គួរបញ្ជាក់ឲ្យដឹងថា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី កាលពីថ្ងៃទី២៦ តុលា កន្លងទៅ។
លោក អានុទីន បានឡើងថ្លែងសុន្ទរកថានៅចំពោះមុខ លោក ត្រាំ ដោយបញ្ជាក់ច្បាស់ៗថា លោកនឹងដោះលែងកងកម្លាំងកម្ពុជាទាំង១៨ រូបឲ្យត្រឡប់ទៅកម្ពុជាវិញ រួមទាំងមានការត្រួតពិនិត្យសុខភាពឲ្យបានត្រឹមត្រូវទៅកាន់ទាហានទាំងនោះមុននឹងបញ្ជូនមកកម្ពុជា។
ប៉ុន្តែលុះក្រោយពេល លោកមកដល់ប្រទេសថៃវិញ បែរនាយករដ្ឋមន្ត្រីរូបនេះប្រែក្រឡាស់បាតដៃខ្នងដៃ និងបានបដិសេធដោយអះអាងថា លុះត្រាតែកម្ពុជាយល់ព្រមអនុវត្តលក្ខខណ្ឌចំនួន ០៤ ដែលប្រទេសថៃដាក់ឲ្យសិន ទើបលោកបំពេញតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នាតាមក្រោយ៕




