2025-10-30 11:31
9

ប៊ូសាន កូរ៉េខាងត្បូង៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី៣០ តុលា នេះ បានធ្វើដំណើរទៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង។ 

តាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Reuter នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ខណៈនេះកិច្ចប្រជុំរវាងកំពូលមេដឹកនាំទាំងពីរបានចាប់ផ្ដើមហើយ នៅមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូង។  គោលដៅសំខាន់ក្នុងជំនួបថ្ងៃនេះ ផ្ដោតទៅលើការសម្របសម្រួលពន្ធគយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងការលុបបំបាត់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

មុនកិច្ចប្រជុំចាប់ផ្ដើម អំឡុងពេល លោក ត្រាំ ចាប់ដៃជាមួយ លោក Xi  គាត់បានប្រាប់អ្នកយកព័ត៌មានថា "យើងនឹងមានកិច្ចប្រជុំដ៏ជោគជ័យមួយ ខ្ញុំគ្មានការសង្ស័យទេ។" ហើយនៅពេលដែល កំពូលមេដឹកនាំទាំងពីរអង្គុយជាមួយគណៈប្រតិភូរបស់ពួកគេដើម្បីចាប់ផ្តើមកិច្ចពិភាក្សា លោក Xi បានប្រាប់លោក Trump តាមរយៈអ្នកបកប្រែថា លោកមានឆន្ទៈក្នុងការបន្តធ្វើការជាមួយប្រធានាធិបតី Trump ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងចិន-អាមេរិក។

គួរឲ្យដឹងថា នាវេលាម៉ោង១១ព្រឹកនេះ ជំនួបរវាង លោក ត្រាំ និងលោក ស៊ី បានបញ្ចប់ជាស្ថាពរហើយ ប៉ុន្តែភាគីទាំងសងខាងមិនទាន់បានប្រកាសពីលទ្ធផលណាមួយនៅឡើយទេនៅពេលនេះ ហើយក៏គ្មាននរណាម្នាក់បានធ្វើការអត្ថាធិប្បាយជុំវិញលទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនោះដែរ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន BBC ៕