2025-11-03 16:09
9

ក្រចេះ៖ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតទេ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹងជញ្ជូន លោក ផន រឹម នៅថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកានេះ។

លោក ផន រឹម បានឱ្យដឹងថា បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់ (ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ ខាងមុខ។ ដោយឡែក ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។

គួរបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចវឌ្ឍនភាពសាងសង់៩៨,៣៦% ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀតសម្រេចវឌ្ឍនភាព៨៧,៣៩%។

គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ដំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណៈការ បានបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត៕