តាកែវ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការទាក់ទាញភ្ញៀវទេសចរ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ ដោយបានស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ១៤,០០០ នាក់ ដែលបានមកទស្សនាកម្សាន្តនៅតាមតំបន់សក្ដានុពលនានាក្នុងខេត្ត។
របាយការណ៍ដដែលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តចំណាស់មួយនេះទទួលបានភ្ញៀវទេសចរសរុបចំនួន ១៣,៨៥៨ នាក់, ភ្ញៀវទេសចរបរទេសចំនួន ១០៩ នាក់ ដែលចំនួននេះបានឆ្លុះបញ្ចាំងពីការពេញនិយមរបស់ភ្ញៀវទេសចរជាតិ ដែលតែងតែមកលេងកម្សាន្តនៅតាមរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលនៅជិតរាជធានីភ្នំពេញ។
ខេត្តតាកែវ ត្រូវបានគេស្គាល់ថាជា «ដែនដីនៃប្រវត្តិសាស្ត្រ» ដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃតាំងពីសម័យនគរភ្នំ (ហ្វូណន) រហូតដល់សម័យអង្គរ។ ការទាក់ទាញដ៏សំខាន់របស់ខេត្តនេះ រួមមាន៖ ប្រាសាទបុរាណល្បីៗ៖ ដូចជា ប្រាសាទភ្នំជីសូរ (រមណីយដ្ឋានប្រវត្តិសាស្ត្រ) ប្រាសាទនាងខ្មៅ ប្រាសាទតាព្រហ្ម និងប្រាសាទភ្នំដា ដែលជាទីតាំងដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងភ្ញៀវទេសចរចូលចិត្តទស្សនា។ 
រមណីយដ្ឋានធម្មជាតិ និងកែច្នៃ ដូចជា រមណីយដ្ឋានទន្លេបាទី ទឹកជ្រោះផ្អោក និងសួនសត្វភ្នំតាម៉ៅ ដែលផ្ដល់នូវជម្រើសកម្សាន្តប្លែកៗសម្រាប់គ្រួសារ និងយុវវ័យ។
រដ្ឋបាលខេត្តតាកែវ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃពីសំណាក់ លោក វ៉ី សំណាង ជាអភិបាលខេត្តលោកបាននិងកំពុងបន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការរៀបចំសេវាកម្មស្នាក់នៅ និងម្ហូបអាហារឱ្យកាន់តែមានគុណភាព និងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍សហគមន៍ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងត្រៀមទទួលភ្ញៀវអន្តរជាតិឱ្យបានកាន់តែច្រើនឡើងនាពេលអនាគត៕




