សៀងហៃ៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពន្លាជាតិដាក់តាំងបង្ហាញផលិតផលសក្តានុពលកម្ពុជា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ - The 8th China International Import Expo» ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម-New Era, Shared Future” ចាប់ពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
កម្មវិធីសម្ពោធពន្លាជាតិកម្ពុជាខាងលើ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោ WANG Liping អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ក្រុមការងារក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនជាច្រើនរូប។
ពន្លាជាតិកម្ពុជាឆ្នាំនេះ ត្រូវបានសាងសង់ឡើងតាមរចនាបទកម្ពុជាក្នុងយុគសម័យទំនើប ដោយបានចែកចេញជា ៤ តំបន់ រួមមាន៖ ១. តំបន់រូបភាពបង្ហាញពីសិល្បៈ និងវប្បធម៌ខ្មែរ និងតំបន់តាំងបង្ហាញផលិតផលកម្ពុជា, ២. តំបន់វេទិកាសម្តែង និងផ្ទាំង LED៖ សម្រាប់ផ្សព្វផ្សាយកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍របស់កម្ពុជា, ៣. តំបន់ជំនួបធុរកិច្ច៖ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ, និង ៤. តំបន់ផ្តល់ព័ត៌មាន៖ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ចនិងកិច្ចសម្រួលពាណិជ្ជកម្ម និងផ្តល់ជាផលិតផលសម្រាប់ Tasting៖ គ្រាប់ស្វាយចន្ទី កាហ្វេ មី និងបាយអង្ករសែនក្រអូប។
ការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍នេះ មានគោលបំណងផ្តល់ឱកាសដល់ឧស្សាហកម្ម និងសហគ្រិនកម្ពុជា ដើម្បីបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ដែលជាផ្នែកសំខាន់នៃយុទ្ធសាស្រ្តផ្សព្វផ្សាយ និងលើកស្ទួយអំណាចនៃផលិតផលជាតិ។
ពិព័រណ៍ CIIE គឺជាវេទិកាសំខាន់សម្រាប់ប្រទេសនានា ក្នុងការតស៊ូការនាំចូល និងបង្ហាញផលិតផលថ្មីៗ ជាមួយនឹងការចូលរួមពីក្រុមហ៊ុនអន្តរជាតិ និងមហាឧស្សាហកម្មធំៗ។ ការចូលរួមរបស់កម្ពុជា បង្ហាញពីការទាក់ទាញវិនិយោគ និងការកសាងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាច្រើននៅលើពិភពលោក។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានរំពឹងថា ការចូលរួមពិព័រណ៍លើកនេះ នឹងជួយលើកស្ទួយឱកាសសេដ្ឋកិច្ច និងការនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ក៏ដូចជាការកសាងឈ្មោះដ៏ល្អឲ្យនិងទំនើបសម្រាប់ផលិតផលជាតិ៕








