2025-11-06 10:15
8

រាជធានីភ្នំពេញ៖ ព្យុះទី២៥ថ្មីមួយទៀតឈ្មោះ កាលម៉េហ្គី (Kalmaegi) កំពុងមានទីតាំងនៅសមុទ្ទចិនខាងត្បូង បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង សមុទ្ទកម្ពុជា អាងទន្លេមេគង្គ។ តាមការព្យាកររបស់ក្រសួងធនធានទឹក ប្រទេសកម្ពុជានឹងរងឥទ្ធិពលព្យុះនេះ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៩អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ល្បឿនមធ្យម ៤ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្ដប់លើផ្ទៃដី ២០ភាគរយ។

រីឯ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៨អង្សាសេ។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

ដោយឡែក តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៨អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ៕