2025-11-10 14:07
5

ថៃ៖ ទីបំផុត! លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានធ្វើអត្ថាធិប្បាយអំពីឧប្បត្តិហេតុដែលទាហានថៃបានជាន់មីន ខណៈកំពុងល្បាតនៅជិត Huai Ta Maria ស្រុក Kantharalak ខេត្ត Si Saket ក្បែរប្រាសាទព្រះវិហារ នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ បណ្តាលឲ្យទាហានពីរនាក់រងរបួសនោះ។ លោក អានុទីន លើកឡើងថា រាល់ប្រតិបត្តិការដោះស្រាយជាមួយកម្ពុជា រួមទាំងការគ្រោងផ្ទេរកងកម្លាំងកម្ពុជាទាំង ១៨នាក់ ត្រូវផ្អាក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស្រុកថៃ Khaosod។

នាយករដ្ឋមន្ត្រីថៃរូបនេះ បន្តថា “អ្វីដែលបានកើតឡើងធ្វើឱ្យយើងដឹងថា អរិភាពចំពោះប្រទេសថៃ និងការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើងមិនមានការថយចុះនោះទេ។ ដោយសារបញ្ហានេះ យើងមិនអាចបន្តសកម្មភាពណាមួយបន្ថែមទៀតបានទេ។ ហើយសម្រាប់ព័ត៌មានលម្អិតណាមួយបន្ថែម រដ្ឋមន្ត្រីការពារជាតិ និងយោធាថៃនឹងផ្តល់ការពន្យល់”​។

គួរបញ្ជាក់ឲ្យដឹងថា ទាហានថៃម្នាក់បានដើរជាន់មីនផ្ទុះដាច់ជើងស្ដាំ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្បែរប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ៕