ដោយសារការរងរបួសរបស់ទាហានថៃពីរនាក់ ដោយសារផ្ទុះគ្រាប់មីននៅតំបន់ Huai Tamaria ខេត្ត Sisaket កាលពីថ្ងៃទី១០ ខែវិច្ឆិកា ទល់មុខប្រាសាទព្រះវិហារ របស់កម្ពុជា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាឱ្យផ្អាកកិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា។
ការបញ្ជាផ្អាកនេះ មិនមែនជាការបញ្ចប់ទំនាក់ទំនងទេ ប៉ុន្តែ ជាសញ្ញាបង្ហាញពីការប្រែប្រួលយុទ្ធសាស្ត្រការទូតរបស់ថៃ ក្នុងការឆ្លើយតបនឹងស្ថានភាពសន្តិសុខតំបន់។ ការបញ្ជា “ផ្អាកកិច្ចព្រមព្រៀង” ជាមួយកម្ពុជា គឺជាចលនាដែលបង្ហាញថា “ថៃកំពុងប្រើយុទ្ធសាស្ត្របង្ហាញអំណាច” ដើម្បីបញ្ជាក់ពីភាពព្រួយបារម្ភសន្តិសុខជាតិ។
ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពរួមបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែតុលា ក៏ដោយ ការរងរបួសដោយគ្រាប់មីនបង្ហាញថា “ការអនុវត្តលក្ខខណ្ឌមិនទាន់មានប្រសិទ្ធភាព”។
ចំពោះផលប៉ះពាល់នយោបាយ និងការទូត ការផ្អាកនេះអាចបង្កឱ្យមានភាពតានតឹងក្នុងទំនាក់ទំនង កម្ពុជា-ថៃ ជាពិសេសក្នុងវិស័យយោធា និងការបោសសម្អាតមីនតាមព្រំដែនរវាងប្រទេសទាំងពីរ។ ការបញ្ជាឱ្យបញ្ឈប់ផែនការប្រគល់យោធាកម្ពុជាទាំង១៨នាក់ ជាបន្ទាន់ បង្ហាញពីការបិទទ្វារទំនាក់ទំនងការទូតជាបណ្តោះអាសន្ន។
តាមទស្សនៈអន្តរជាតិ និងសម្ព័ន្ធភាពក្នុងតំបន់ ប្រសិនបើថៃ បន្តមានចំណុចពិបាកក្នុងការសហការជាមួយប្រទេសជិតខាង អាមេរិកអាចនឹងពិចារណាផ្លូវការផ្សេងៗក្នុងការទាក់ទងជាមួយថៃ។ ការបង្ហាញអំណាចបែបនេះអាចប៉ះពាល់ដល់សម្ព័ន្ធភាពអាស៊ាន និងការរួមចំណែកក្នុងសន្តិសុខតំបន់ផងដែរ៕





