(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងពន្លត់ភ្លើងជ័យ នៃខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ។
ពិធីនេះក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋខ្មែរផងដែរ។
ភ្លើងជ័យ ដែលជានិមិត្តរូបភាពភ្លឺចិញ្ចែងចិញ្ចាចនៃសិទ្ធិសេរីរបស់ប្រជាពលរដ្ឋខ្មែរក្រោយទទួលបានឯករាជ្យ ត្រូវបានអុជបំភ្លឺរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួប៧២ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញលេញត្រឡប់មកវិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។
ឆ្នាំនេះក៏ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ វិមាននិមិត្តរូបនៃការដណ្តើមបានឯករាជ្យ និងនៅតាមបណ្តារាជធានីខេត្ត៕














