ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។
អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបាន ចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។ កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ទទួចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់ រងរបួស ជាមូលហេតុនៃការផ្អាកអនុវត្តជា ឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនឹងខិតជិតមកដល់នាពេលខាងមុខ កម្ពុជា ស្នើដល់ភាគីថៃ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រក្សានូវស្មារតីកិច្ចសហការវប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ដើម្បីសម្រេចបានគោលដៅរួមពិភពលោកមួយដែលគ្មានមីន។ ចេតនាចោទប្រកាន់ណាមួយ ដែលគ្មានការពិត ឬ ការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់មីន ដើម្បីបម្រើដល់នយោបាយអាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នា និងគ្នាធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។
ជាថ្មីម្តងទៀត ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីឡើយ៕





