2025-11-11 17:17
15

ព្រះសីហនុ៖   ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនើប និង Pass App បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ អ្នកដំណើរតាមដងផ្លូវ រួចទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងយប់នៅវេលាម៉ោងប្រហែង១១ ជិតឈានចូល១២យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមក្លីបវិដេអូរបានបង្ហាញឲ្យឃើញថា ភាគីខាងរថយន្តសេរីទំនើប ម៉ាក់  Mercedes G class នោះមានគ្នាមួយក្រុមទំនងជាអង្គរក្ស បានចុះទៅក្របួចករអាវរបស់បុរសអ្នកបើកបរផាសអែបតែម្នាក់ឯង  និងមានការប្រទាញប្រទង់គា្នទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង  ហើយថែមទាំងមានកាំភ្លើងខ្លីសៀតនៅចង្កេះបន្ថែមទៀត  ។ 

អ្វីដែលស្ថិតក្នុងក្រសែរភ្នែករបស់មហាជននោះ តើភាគីខាងរថយន្តស៊េរីទំនើបម៉ាក់  Mercedes G class នេះជាសមត្ថកិច្ចខាងណា គ្រាន់តែករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ  ហេតុអ្វីក៏មិននិយាយដោះស្រាយគ្នាតាមសម្រួលទៅចាំបាច់ ចុះមកក្រៀកករម្ចាស់ pass app ហើយមានទាំងសៀតកាំភ្លើងខ្លីនៅចង្កេះទៀតនោះ។ 

បើតាមការបញ្ជាក់របស់ភាគីខាងរថយន្តស៊េរីទំនើប បានឲ្យដឹងថា ខ្លួនគ្រាន់តែគ្រៀកករ របស់បុរសជាអ្នករត់ Pass App តែប៉ុណ្ណោះ នៅពេលដែលបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌារូបនេះ បានដើរចូលទៅក្បែររថយន្តរបស់ខ្លួន បំរុងនិងចាប់បើកទ្វាឡាន  ទើបខ្លួនគៀកគាត់ចេញ បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាខាងលើនេះ មានការភ័យស្លន់ស្លោ។  ភាគីខាងរថយន្តបានបន្ថែមថា អ្វីដែលខ្លួនធ្វើ ដើម្បីការពារសុវត្ថិភាពតែប៉ុណ្ណោះ ក្នុងនាមជាអង្គរក្ស។  

ដោយឡែកបុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា បានបញ្ជាក់ឲ្យដឹងថា ខ្លួនបើកបរផ្លូវត្រង់ ស្រាប់តែ មានរថយន្តសេរីទំនើបម៉ាក់ Mercedes G class ខាងលើនេះ បើកបរខ្វះការប្រុងប្រយ័ត្នមកដល់ត្រង់ចំនុចផ្លូវកែង ហើយបត់ឆ្វេងមិនប្រយ័ត្នបណ្តាលឲ្យប៉ះជាមួយកង់បីរបស់គាត់ ភ្លាមៗនោះបុរសជាម្ចាស់កង់បីក៏ស្រវ៉ាទៅរករថយន្តសេរីទំនើបខាងនេះ ដើម្បីសួរនាំ  ប៉ុន្តែត្រូវបានក្រុមអង្គរក្សរបស់រថយន្តស៊េរីទំនើបខាងលើនេះ ចុះមកចាប់គ្រៀកករអូសចេញតែម្តង។ ក្រោយកើតហេតុត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំយកទៅធ្វើការសួនាំបន្តនៅការិយាល័យចរាចរណ៍ផ្លូវគោក។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ នៅថ្ងៃទី១១ វិច្ឆការ ២០២៥នេះ អង្គភាព MSJ TV បានទំនាក់ទំនងដើម្បីសុំការបញ្ជាក់បន្ថែម លោកថាមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ៕