2025-11-11 11:50
24

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយ លោក TAKAHASHI Fumiaki ប្រធានសមាគម កម្ពុជា-ជប៉ុន (JCA) ដែលបានដឹកនាំប្រតិភូ ២៩ រូប ដែលជាថ្នាក់ដឹកនាំសមាគម JCA និងតំណាងក្រុមហ៊ុនសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ជំនួបដ៏មានសារសំខាន់នេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្លាស់ប្តូរយោបល់ក្នុងការសិក្សាលទ្ធភាពសហការលើគម្រោងផ្សេងទៀត និងចែករំលែកអំពីវឌ្ឍនភាព នៃគម្រោងដែលបានអនុវត្តជាមួយក្រសួង។

លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូសមាគម JCA និងបានកោតសរសើររួមទាំងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃកិច្ចសហការដែលក្រសួងមានជាមួយ JCA ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំ និងជួសជុលយានយន្ត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការស្វាគមន៍រាល់កិច្ចសហការទាំងអស់ជាមួយភាគីជប៉ុន ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ជាពិសេស ការផ្ដល់ឱកាសទៅធ្វើការនៅក្នុងប្រទេសជប៉ុន។

ជាការឆ្លើយតប លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក៏បានគូសបញ្ជាក់ និងកត់សម្គាល់ដូចគ្នាពីភាពរីកចម្រើនកាន់តែល្អប្រសើរនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេស ការបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនសមាជិកសមាគម កម្ពុជា-ជប៉ុន (JCA)។ 

បន្ថែមពីនេះ ដើម្បីជំរុញការវិនិយោគរបស់ជប៉ុនបន្ថែមទៀត លោកប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានស្នើឱ្យពង្រឹងនូវកិច្ចសហការ និងការគាំទ្របន្ថែមពីក្រសួងការងារ សម្រាប់ការវិនិយោគរបស់ជប៉ុនជាបន្តបន្ទាប់នៅកម្ពុជា៕