ភ្នំពេញ៖ ស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែន កម្ពុជា-ថៃ កំពុងអូសបន្លាយឡើងវិញ ក្នុងរយៈពេលចុងក្រោយនេះ ខណៈការបាញ់ប្រហាររបស់ កងកម្លាំងយោធាថៃ បានបណ្ដាលឱ្យប្រជាពលរដ្ឋកម្ពុជាម្នាក់ស្លាប់ និងរបួសធ្ងន់ ចំនួន ០៣ នាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មដោយបង្ហាញពីការមិនពេញចិត្ត និងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។
សម្តេចបានថ្លែងថា ការប្រើកម្លាំងអាវុធលើប្រជាជនសាមញ្ញ គឺជាការដែលមិនអាចទទួលយកបាន និងជំរុញឱ្យភាគីថៃ ធ្វើការស៊ើបអង្កេតយ៉ាងច្បាស់លាស់ និងទទួលខុសត្រូវចំសមស្របបំផុត។
ការណ៍នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការមិនយល់ និងភាពគ្រោតគ្រៀតយ៉ាងខ្លាំងអំពីករណី កងកម្លាំងយោធាថៃ បាញ់ប្រហារបង្កឱ្យប្រជាជនខ្មែរស្លាប់ និងរបួស។ ចំណែកក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេស មិនបានចូលរួមធ្វើការថ្កោលទោសអ្នកបង្កហេតុនោះទេ ប៉ុន្តែ បែរជាចេញមកថ្កោលទោសរាជរដ្ឋាភិបាលទៅវិញ។
ជាមួយគ្នានេះ ការឆ្លើយតបទៅនឹងក្រុមប្រឆាំងជ្រុលនិយម បន្ទាប់ពីពួកគេមិនបានថ្កោលទោសដល់ភាគីដែលបង្កហេតុទេ ប៉ុន្តែ បែរជាពួកគេបានចេញមកតវ៉ាជំទាស់ និងចោទប្រកាន់រាជរដ្ឋាភិបាលជំនួសឱ្យការការពារសិទ្ធិ និងសុវត្ថិភាពរបស់ប្រជាជន។
ពាក់ព័ន្ធករណីនេះ អាជ្ញាធរខាងសន្តិសុខកម្ពុជា កំពុងធ្វើការស្រាវជ្រាវលម្អិតលើហេតុការណ៍ និងបន្តសហការជាមួយភាគីថៃ ដើម្បីជៀសវាងការកើនឡើងបន្តទៀតនៃភាពតានតឹងតាមព្រំដែន៕








