ភ្នំពេញ៖ កម្ពុជា បានជំរុញលំហូរហិរញ្ញប្បទានអាកាសធាតុ និងការប្តេជ្ញារឹងមាំក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល នៅក្នុងសន្និសីទសហប្រជាជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុលើកទី៣០ (COP30)។
នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថាក្រោមការដឹកនាំរបស់ សម្តេចធិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជា បានដាក់ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0) ជូនទៅលេខាធិការដ្ឋានក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយបានលើកគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដល់ 55% ក្នុងឆ្នាំ 2035 ពីវិស័យ ថាមពល សំណល់ កសិកម្ម ព្រៃឈើ និងដំណើការឧស្សាហកម្ម។
លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជា ក៏កំពុងពង្រឹងលើកកម្ពស់សកម្មភាពដំណោះស្រាយបែបធម្មជាតិ (Nature-based Solutions), ការស្តារដីខូចខាត ការពារព្រៃឈើ និងលើកកំពស់ជីវភាពប្រជាជន។ លោកបានស្វាគមន៍មូលនិធិ Tropical Forest Forever Facility និង មូលនិធិសម្រាប់ឆ្លើយតបនឹងការខូចខាតនិងបាត់បង់ (Fund for Loss and Damage) ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍ។
កម្ពុជា អំពាវនាវឲ្យមាន ហិរញ្ញប្បទានអាកាសធាតុ មានពាពងាយស្រួលទទួលយក និងអាចទុកចិត្តបាន ដើម្បីជំរុញសកម្មភាពអាកាសធាតុជាសកល៕




