បន្ទាយមានជ័យ៖ ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ ចាប់ផ្តើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ដ្រូន ដើម្បីថតរូបនៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ក្នុងភូមិស្ត្រខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងស្រះកែវរបស់ថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ក្រោយពីបញ្ចប់កិច្ចការនេះ ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។
សូមបញ្ជាក់ថា មុននឹងក្រុមការងារវាស់វែងចម្រុះចុះអនុវត្តការងាររបស់ខ្លួន ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។
ចំពោះការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕




