2025-11-20 11:50
9

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ ភឿង សកុណា រួមជាមួយ លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ:រដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» នៅសារមន្ទីរជាតិកម្ពុជា នារសៀលថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសារមន្ទីរជាតិកម្ពុជា។ 

កម្មវិធីតាំងពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកាស.ស.យ.ក.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងសិស្សនិស្សិតជាច្រើនរូប។ 

ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ ធ្វើឡើងតាមរយៈកិច្ចសហការរៀបចំរវាងនាយកដ្ឋានសារមន្ទីរជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាល ចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារស្រាវជ្រាវព្រះខ័នកំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និងផ្នត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និងឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ 

ពិព័រណ៍នេះ ក៏នឹងបង្ហាញពីទំនាក់ទាក់ទងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥតដាច់តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នតាមរយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ៕