2025-11-21 15:56
7

បាត់ដំបង៖  បុគ្គលឈ្មោះ ធីម សុគន្ធ ទំនងជាអាចលេបភ្នំ ផឹកទឹកសមុទ្របានហើយទៅបានជាមិនខ្លាច និងញញើតច្បាប់បន្តិចសោះ ធ្វើឲ្យដីក្រុមហ៊ុនជាង៤ពាន់ ត្រូវបាត់បង់គ្មានសល់ ក្នុងកំឡុងពេលលោក ធីម សុគន្ធ មានអំណាចពេញដៃក្នុងតួនាទីជាមន្ត្រីយោធាភូមិភាគទី៥  ក្រោយឯកឧត្តម ឧត្តមសេនីទោ ស៊ុន សុផល អតីតអនុប្រធានអធិការកិច្ច ក្រសួងការពារជាតិ បានឲ្យលោក ធីម សុគន្ធ មើលការខុសត្រូវ និងថែរក្សាការពារដីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ដែលមានទំហំ ៤០៦៧ ពាន់ហិកតា ក្នុងអំឡុងឆ្នាំ២០១៤  បន្តពីរូបលោក ដើម្បីការពារកុំឲ្យបាត់បង់  និងហាមឃាត់មិនឲ្យអ្នកណាចូលមកទន្រ្ទានកាន់កាប់លើដីរបស់ក្រុមហ៊ុន  ដែលស្ថិតក្នុងភូមិគោករកា ឃុំដូនបា និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ផ្ទុយទៅវិញលោក ធីម សុគន្ធ ប្រែក្លាយជាមាន់ពងលើស្រូវ ដោយខ្ចីមិនខ្វាយខ្វល់និងអនិវត្តន៍តាមអ្វីដែលមេរបស់ខ្លួនប្រគល់ឲ្យធ្វើនោះ បែបណ្ដែតបណ្ដោយឲ្យបាត់បង់ដីក្រុមហ៊ុនជាបន្តបន្ទាប់ រហូតរងការរំលោភបំពានចូលកាន់កាប់យ៉ាងអនាធិបតេយ្យលើដីរបស់ក្រុមហ៊ុន ដោយគ្មានការទប់ស្កាត់នោះឡើយ។ ដោយលោក ធីម សុគន្ធ រួមនិងបក្សពួកបានឃុបឃិតគ្នាជាប្រព័ន្ធ នាំគ្នាបែងចែកដីក្រុមហ៊ុនដោយពុះអង្កន់ជាឡូតិ៍ៗ ដើម្បីលក់ យកលុយដាក់ហោប៉ាវហ៊ីហារសប្បាយយ៉ាងរំភើយ ដោយមានមេភូមិគោករកា មេឃុំដូបា ជាអ្នកស៊ីញ៉េទទួលស្គាល់ដឹងលឺលើលិខិតកាន់កាប់ និងប្រើប្រាស់ដីធ្លីនេះបន្ថែមទៀត រួមទាំងស៊ីញ៉េទទួលស្គាល់លើលិខិតទិញ-លក់ ផ្ទេរកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ ហើយផ្នែកខ្លះទៀត លោក ធីម សុគន្ធ បានក្លែងបន្លំឯកសារលួចធ្វើប័ណ្ណកម្មសិទ្ធប្លង់រឹង ជាន់លើដីរបស់ក្រុមហ៊ុនបន្ថែមទៀត ទាំងដែលដឹងយ៉ាងច្បាស់ថាដីនេះជារបស់ក្រុមហ៊ុន បានទិញដោយស្របច្បាប់ តាំងពីកំឡុងឆ្នាំ២០០៦-២០០៨ មកម្លេះ និងមានការចុះហត្ថលេខាទទួលស្គាល់ដឹងលឺពីអាជ្ញាធរមូលដ្ឋានពីមេភូមិ មេឃុំ អភិបាលស្រុក និងភូមិបាលស្រុកគាស់ក្រឡផងដែរ ។ 

ឯកឧត្តម ស៊ុន សុផល នៅថ្ងៃទី១០ វិច្ឆិកា ២០២៥ បានបញ្ជាក់ថាក្នុងឆ្នាំ២០១៤ គាត់ពិតជាបានទទួលលុយពីក្រុមហ៊ុនពិតមែន ដើម្បីមើលការខុសត្រូវ ការពារថែរក្សាដីរបស់ក្រុមហ៊ុន ហើយក៏បានទទួលសិទ្ធគ្រប់គ្រង និងថែរក្សាការពារដីក្រុមហ៊ុនហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល  ពិតមែន ដោយបន្តអះអាងថាលោក ធីម សុគន្ធ ជាអតីតកូនចៅរបស់លោកនៅភូមិភាគ៥ លោកបានឲ្យលោក ធីម សុគន្ធ ជួយមើលការខុសត្រូវ ការពារ កុំឲ្យពលរដ្ឋទន្ទ្រានលើដីរបស់ក្រុមហ៊ុន ប៉ុន្តែលោកមិនបានប្រគល់សិទ្ធទាំងស្រុងឱ្យលោក ធីម សុគន្ធ នោះទេ  ចំពោះការបាត់បង់ដីរបស់ក្រុមហ៊ុន ដូចជាការក្លែងបន្លំធ្វើប្លង់កម្មសិទ្ធនិងការផ្ទេរសិទ្ធកាន់កាប់លើដីក្រុមហ៊ុន លោកមិនបានដឹងនោះទេ ព្រោះលោក ធីម សុគន្ធ មិនបានរាយការណ៍ប្រាប់លោកឡើយ ពេលនេះលោកកំពុងតែរៀបចំដាក់ពាក្យបណ្ដឹងប្ដឹងលោកធីម សុគន្ធ ផងដែរ។ នេះសបញ្ជាក់ឲ្យឃើញថា លោក ធីម សុគន្ធ មិនត្រឹមតែប្រហើនយកដីក្រុមហ៊ុនលក់ លួចធ្វើប្លង់កម្មសិទ្ធជាន់លើដីរបស់ក្រុមហ៊ុន និងធ្វើឲ្យបាត់ដីរបស់ក្រុមហ៊ុន ដោយមិនខ្លាចច្បាប់ប៉ុណ្ណោះនោះទេ  ថែមទាំងកំពុងតែក្បត់មេរបស់ខ្លួនផង ។ 

នៅថ្ងៃទី២១ វិចិ្ឆការ ២០២៥នេះ អង្គភាព MSJ បានទាក់ទងទៅលោក ធីម សុគន្ធ ដើម្បីបំភ្លឺជុំវិញនិងការចោទប្រកាន់នេះ លោក ធីម សុគន្ធ ឆ្លើយថា មិនមានអី្វត្រូវឆ្លើយទេ ចង់ដឹងច្បាស់សួរឯកឧត្តម ស៊ុន សុផល ទៅដឹងច្បាស់ហើយ រួចក៏ចុចបិទទូរស័ព្ទតែម្ដង អង្គភាពយើងព្យាយាមCall ជាលើកទី២ មិនលើកទូរស័ព្ទឡើយ ។  ការរុញឲ្យទៅសួរឯកឧត្តម ស៊ុន សុផល ដែលជាមេរបស់ខ្លួនជំនួសពីបុគ្គល ធីម សុគន្ធ គឺស្មើនិងការគេចវេសមិនហ៊ានប្រឈមព្រោះតែខ្លួនកំពុងតែក្បត់មេខ្លួនឯង ឲ្យមកទទួលថ្មបាក់ជំនួសខ្លួន៕