2025-11-21 17:47
3

សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បានបិទបញ្ចប់ជាផ្លូវការ នៅវេលារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគីហ្កាលី ប្រទេសរូវ៉ាន់ដា។ ក្នុងឱកាសនេះ ក៏បានធ្វើពិធីផ្ទេរតំណែងជាប្រធានអង្គប្រជុំនៃសន្និសីទលើកទី៤៧ និងតំណែងម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជូនព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៧ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋរវ៉ាន់ដា ដែលជាម្ចាស់ផ្ទះ សាធារណរដ្ឋបារាំង ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៦ និងលោកស្រីអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី ក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ និងប្រកបដោយប្រសិទ្ធភាព។  

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រកាសអំពីអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៧ និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំកិច្ចប្រជុំទាំងពីរនេះនៅកម្ពុជា ឲ្យទទទួលបានជោគជ័យ។

ទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៧ មានន័យសំខាន់ក្នុងការកសាងសម្ព័ន្ធភាពពហុជាតិ ការលើកកម្ពស់អភិវឌ្ឍន៍ប្រកបដោយចីរភាព និងបញ្ជាក់ពីតួនាទីកម្ពុជាក្នុងវេទិកាអន្តរជាតិតែម្តង៕