2025-11-23 10:07
12

បន្ទាយមានជ័យ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps of Phnom Penh - MACPP) ចុះទៅសួរសុខទុក្ខដល់ប្រជាជនស្លូតត្រង់កម្ពុជា ដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការចុះទៅពិនិត្យការស្នាក់នៅរបស់ជនភាសសឹករបស់ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក្រោមការសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ (CLG) ធ្វើឡើងនៅវេលាម៉ោង ១៤និង១០នាទី ថ្ងៃសៅរ៍នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ផងដែរថា ជនភៀសសឹកទាំងនោះ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗ បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៥០នាទី នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នោះ បានបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ចំនួន ០៣ រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន ០១រូប។


សកម្មភាពរបស់ MACPP ត្រូវបានចាត់ទុកថា ជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់អន្តរជាតិចំពោះស្ថានភាពមនុស្សធម៌ជិតព្រំដែន និងជាការគាំទ្រដល់ក្រសួងការពារជាតិ ក្នុងការថែរក្សាសុវត្ថិភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា៕