2025-11-23 13:10
8

ព្រៃវែង៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យលេខ ២២៤ អនក្រ.ប្រក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្ដីពី ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ “នគរភ្នំឈើកាច់បាភ្នំ” និងកំណត់ ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំចំនួន ០៩ ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

អនុក្រឹត្យនេះ មានគោលបំណងធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។ តំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ មានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា។ 

ក្នុងនោះ មានទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់ បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ០៩ ទីតាំង ដូចជា ភ្នំបាភ្នំ ប្រាសាទអង្គច័ន្ទ វត្តវិហារគុហ៍ វត្តវិហារ ស្រះបិទបាយ អ្នកតាមេ ស ស្រះស្រង់ ភ្នំវត្តកំពូលភ្នំឈើកាច់ និង មណ្ឌលមុនីស្ថានតាបសភ្នំតូច។

បច្ចុប្បន្ននេះ តំបន់ «ឈើកាច់បាភ្នំ» បានប្រែក្លាយជាគោលទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របពេលដែលរដ្ឋបាលស្រុក ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរ បានបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះ ក្នុងគោលដៅជំរុញការទស្សនា មកលេងកំសាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ។ 

ជាមួយគ្នានេះ ដោយមានការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ការរៀបចំសោភ័ណភាព បរិស្ថាន អនាម័យ និងសេវាកម្មនៅក្នុងតំបន់រមណីយដ្ឋាន ត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរ និងមានលក្ខណៈស្តង់ដារ។

តំបន់ «ឈើកាច់បាភ្នំ» ទាំងមូលត្រូវបានថែរក្សា ការពារ ឲ្យស្ថិតស្ថេរគង់វង្សសម្រាប់បម្រើឲ្យសកម្មអភិវឌ្ឍន៍លើវិស័យនានា ជាពិសេសវិស័យទេសចរណ៍។ 

ការអភិវឌ្ឍន៍នេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់តំបន់បាភ្នំ ដែលជាទីតាំងសក្ការៈ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជួយជំរុញសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍នេះផងដែរ។

សូមបញ្ជាក់ថា បាភ្នំ គឺជាតំបន់ដែលមានសក្ដានុពលខ្លាំងខាងទេសចរណ៍វប្បធម៌ និងជំនឿ ជាពិសេសពិធី «ឡើងអ្នកតាមេ ស» ដ៏ល្បីល្បាញ៕