2025-11-26 15:28
6

ព្រះវិហារ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ និងរដ្ឋបាលស្រុកជាំក្សាន្ដ រួមគ្នារៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមមូលបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ - Say NO to Fake News» ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងយុវជនជាច្រើនក្រុម ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងលើកកម្ពស់វប្បធម៌នៃការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយភាពឆ្លាតវៃ។

ក្រុមអ្នកចូលរួម បានបញ្ជាក់ពី ការប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ព័ត៌មានមិនពិត និងលើកកម្ពស់វប្បធម៌ប្រើប្រាស់បណ្ដាញសង្គមប្រកបដោយភាពឆ្លាតវៃ មានកត្តាទទួលខុសត្រូវខ្ពស់ និងគោរពតាមក្រមសីលធម៌ព័ត៌មាន។

ក្នុងឱកាសនេះ លោក ចិន ខន្ដី អភិបាលស្រុកជាំក្សាន្ដ និងលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំក្បួនដង្ហែរផ្សព្វផ្សាយតាមដងផ្លូវសំខាន់ៗ ដើម្បីបញ្ជូនសារអប់រំដល់សាធារណជនឱ្យមានការយល់ដឹងច្បាស់លាស់អំពីគ្រោះថ្នាក់ នៃ Fake News និងសារៈសំខាន់នៃការត្រួតពិនិត្យប្រភពព័ត៌មានមុននឹងជឿជាក់ ឬចែកចាយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួន។

ថ្នាក់ដឹកនាំបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវពិចារណាឱ្យបានម៉ត់ចត់មុនពេលចែករំលែកព័ត៌មាន, មិនត្រូវជឿតាមព័ត៌មានគ្មានប្រភព, រួមគ្នាដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងថ្លៃថ្នូររបស់ខ្លួន។

យុទ្ធនាការនេះត្រូវបានចាត់ទុកថា ជាចំណែកសំខាន់ក្នុងការការពារសុវត្ថិភាពព័ត៌មាន និងការគាំពារសង្គមពីការរាតត្បាតព័ត៌មានក្លែងក្លាយ ដែលកំពុងកើតមានខ្លាំងជារៀងរាល់ថ្ងៃ៕