ហូឡង់៖ ក្នុងអំឡុងពេលពីថ្ងៃទី ២៣ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើដំណើរចូលរួមសន្និសីទប្រចាំឆ្នាំរបស់រដ្ឋភាគីសន្ធិសញ្ញាហាមប្រាមអាវុធគីមី (Chemical Weapons Convention – CWC) ដែលរៀបចំដោយអង្គការ ស្តីពី ការហាមប្រាមអាវុធគីមី (OPCW) នៅទីក្រុងឡាអេ។ ក្នុងឱកាសនេះ ក្រុមថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជាក៏បានចូលរួមផងដែរ។
សន្និសីទបានឆ្លើយតបតាមគោលបំណងនៃ CWC ដើម្បីពិនិត្យ និងវាយតម្លៃការអនុវត្តរបស់រដ្ឋភាគី ក្នុងការទប់ស្កាត់ការប្រើប្រាស់អាវុធគីមី ដែលជាអាវុធហាមប្រាមតាមច្បាប់អន្តរជាតិ ព្រោះបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវិតមនុស្ស និងបរិស្ថាន។
ក្រៅពីនេះ សមាជិកសន្និសីទបានពិភាក្សាអំពីការអនុវត្តអនុសាសន៍ និងផែនការសកម្មភាពសម្រាប់ឆ្នាំខាងមុខ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើការផលិត ការដឹកជញ្ជូន ការស្តុកទុក និងការចែកចាយអាវុធគីមី ឬសារធាតុគីមីគ្រោះថ្នាក់ ដែលប្រព្រឹត្តខុសតាមស្តង់ដារអន្តរជាតិ។
អង្គអង្គសន្និសីទបានទទួលស្គាល់ថា “ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ការផលិត ស្តុកទុក ជាដើម ក្នុងកាលៈទេសៈ ណាក៏ដោយ គឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិ ស្តីពី ការហាមប្រាមអាវុធគីមី (Chemical Weapons Convention) ហើយគបី្បទទួលនូវទណ្ឌកម្មអន្តរជាតិ”។
កម្ពុជា បានបញ្ជាក់បន្តនូវការប្តេជ្ញាចិត្តរឹងមាំក្នុងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់គ្រប់ទម្រង់នៃអាវុធគីមី សម្របសម្រួលសន្តិសុខ មនុស្សធម៌ និងសុខុមាលភាពបរិស្ថានរបស់ពិភពលោក៕





