2025-12-18 08:37
14

នៅទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីនឹងធ្វើដំណើរទស្សនកិច្ចការទូតមកកាន់ប្រទេសកម្ពុជា និងថៃ ម្តងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរ ដើម្បីកសាងសន្តិភាពឡើងវិញឱ្យបានឆាប់។ នេះតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។

ជុំវិញការយកចិត្តទុកដាក់ពីមហាអំណាចចិន នេះចាត់ទុកថាជាដំណឹងល្អមួយ ក្នុងការបង្ហាញសញ្ញាភ្លើងខៀវបន្តិចម្ដងៗ ចំពោះសង្គ្រាមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានផ្ទុះឡើងរយៈពេល១១ ថ្ងៃ មកហើយបើគិតត្រឹមថ្ងៃទី១៧ ធ្នូ។

លើសពីនេះ តាមការប្រកាសពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃពុធម្សិលមិញ លោកបានបង្ហើបពីសញ្ញាវិជ្ជមានភាគច្រើន ដែលនឹងអាចបញ្ចប់សង្គ្រាមដែលយោធាថៃកំពុងបាញ់វាតទីចូលដីកម្ពុជាថា លោកបានទាក់ទងជាមួយមេដឹកនាំថៃ និងកម្ពុជា ហើយភាគីទាំងពីរបានបង្ហាញបំណងចង់ដោះស្រាយជម្លោះព្រំដែនរបស់ពួកគេឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមសារព័ត៌មាន Bloomberg។

ដំណឹងកាន់តែធ្វើឲ្យថៃរសើប និងចាប់ផ្ដើមញញើតខ្លាចការពិតត្រូវលាតត្រដាងឡើងឲ្យគ្រប់ដៃគូអន្តរជាតិទាំងអស់ដឹងពីល្បិចខូចខិលរបស់ខ្លួន ដែលចង់វាតទីត្របាក់ទឹកដីកម្ពុជាទាំងមិនខ្មាស់អៀននោះ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា សហភាពអឺរ៉ុបអាចផ្តល់រូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា និងថៃ។ 

លោកស្រី Kallas បានសង្កត់ធ្ងន់ថា ជម្លោះនេះមិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ ហើយបទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។ លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះនេះ និងបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជាអំពីការផ្តល់ជូននេះ នៅក្នុងកិច្ចពិភាក្សាមួយនាព្រឹកនេះ។

ជុំវិញការលើកឡើងពីសំណាក់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបខាងលើ ធ្វើឲ្យយើងនឹកឃើញដល់ពាក្យគម្រាមដោយប្រយោលពីប្រធានប្ដូរវេនអាស៊ានម៉ាឡេស៊ី ដែលលោកអាន់វ៉ា លើកឡើងថា លោកនឹងដាក់ផ្កាយរណប ដែលមានការតាមដានត្រួតពិនិត្យដោយក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក។ 

ហើយចំពោះភស្តុតាងដែលយកចេញពីផ្កាយរណបនេះ នឹងត្រូវបានលើកបង្ហាញអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ សប្តាហ៍ក្រោយ បន្ទាប់ពីកម្ពុជា-ថៃ បានដាក់ស្នើសូមពន្យារពេល។

ក្រោយការបង្ហាញឥទ្ធិពលពីមហាអំណាចមួយចំនួន ដែលអាចសាយភាយជះផលអវិជ្ជមានដល់ប្រទេសខ្លួន នាយករដ្ឋមន្រ្តីចាំផ្ទះថៃ អានុទីន ឆានវីរ៉ាក់គុល ហាក់ព្យាយាមបន្ទន់ឥរិយាបថម្ដងមួយជំហ៊ានៗ ក្នុងគោលបំណងចង់ត្រឡប់ក្រោយ ដោយដង្ហើយទាំងរអៀសខ្លួន បោះមេឲ្យកម្ពុជាជាអ្នកចូលតុចរចាសន្តិភាពមុន ហើយខ្លួនជាអ្នកចូលតាមក្រោយ។ នេះបើតាមសារព័ត៌មាន Khaosod ។

សូមបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ដោយអំពាវនាវឱ្យកម្ពុជា-ថៃ អត់ធ្មត់កំរិតខ្ពស់ និងជំរុញឱ្យអនុវត្តបទឈប់បាញ់ឱ្យបានឆាប់ ដើម្បីរក្សាសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែន៕