2025-12-18 14:26
16

ថៃ៖ គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តការបែងចែកថវិកាចំនួន ២,៤៤ ពាន់លានបាតពីមូលនិធិកណ្តាលសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដើម្បីពង្រឹងយោធា និងពង្រឹងសន្តិសុខតាមព្រំដែនក្នុងគ្រាមានការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ នេះបើតាមសារព័ត៌មាន Bangkok Post។

លោក Siripong Angkasakulkiat អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា ថវិកានេះត្រូវបានស្នើសុំដោយកងទ័ពជើងគោក និងកងទ័ពជើងទឹក មានបំណងគាំទ្រដល់ការត្រៀមខ្លួនការពារជាតិ និងឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខបន្ទាន់ ខណៈដែលរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារសន្តិសុខជាតិ និងសុវត្ថិភាពប្រជាជន។ ចំពោះការអនុម័តនេះបានកើតឡើង ខណៈដែលការប៉ះទង្គិចគ្នាតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា បានចូលដល់ថ្ងៃទី១២ ហើយ គិតត្រឹមថ្ងៃទី១៨ ធ្នូនេះ។

បើទោះបីជាប្រទេសថៃ ខំប្រឹងស្រែកប្រកាសអួតក្ដែងៗ ប្រៀបធៀបរវាងសេដ្ឋកិច្ចខ្លួន និងកម្ពុជា ឬរវាងយោធាខ្លួននិងកងទ័ពកម្ពុជាយ៉ាងណាក្ដី ប៉ុន្តែតាមរយៈការប្រកាសអនុម័តថវិកាបន្ថែម ដើម្បីពង្រឹងវិស័យយោធា ហាក់កំពុងលាតត្រដាងឲ្យឃើញថា សមត្ថភាពទ័ពកម្ពុជាពិតជាខ្លាំងរហូតទប់ជាប់ការឈ្លានពានរបស់ថៃដល់ទៅជិត ២សប្ដាហ៍ ជាហេតុធ្វើឲ្យប្រទេសនេះត្រូវបង្ខំចិត្តខ្ជាក់ថវិកាជាតិបន្ថែមដើម្បីទៅជួយវិស័យយោធាវិញ។

ការអនុម័តលុយបន្ថែមដើម្បីបន្តឈ្លានពានកម្ពុជា កំពុងធ្វើឲ្យថៃដើរលើផ្លូវទ័លច្រក ដោយជម្រើសរបស់ថៃពេលនេះ អាចជាមិនចង់បញ្ឈប់សង្គ្រាមភ្លាមៗទេ ព្រោះប្រទេសដ៏រឹងរូសមួយនេះទំនងជា គ្មានទីតាំងឈរជើង ដើម្បីផ្គាប់ចិត្តពលរដ្ឋជ្រុលនិយមរបស់ខ្លួនច្រើនជាង ទើបបានជាខណៈនេះ ថៃខំប្រឹងប្រើយុទ្ធសាស្រ្តវាយសម្លុត ព្យាយាមរុលចូលដីខ្មែរ តែមិនបានសម្រេច ទើបត្រឡប់មកប្រើក្បួនទាំងកម្លាំងបាយផង និងចិត្តសាស្រ្តផងដូចជា៖ ព្យាយាមទម្លាក់គ្រាប់បែកកាត់ផ្តាច់ស្ពាន/ស្បៀង, បំបែកសំឡេងឯកភាពរបស់ខ្មែរ, ហើយថែមទាំងលូកដៃទៅដាក់សម្ពាធលើឡាវ និងប៉ុនប៉ងរាំងខ្ទប់ផ្លូវសមុទ្រជាដើម។

ក្រោយផុងខ្លួនជ្រៅ ចូលក្នុងអន្ទាក់នយោបាយរបស់ខ្លួន ធ្វើឲ្យគេនឹកឃើញដល់ការបង្ហោះសារដ៏ប្រយោលមួយរបស់ លោក ហ្សង់ហ្វ្រង់ស័រ តាន់  ដោយគាត់បានលើកឡើងថា៖ “ពួកវានឹងគង់តែដួល ដ្បិតបន្តដើរទប់ខ្លួននឹងឈើច្រត់ងាយបាក់បំផុតនៃការកុហកបោកប្រាស់។ នៅពេលដួលហើយ ការពិតនឹងប្រឡាក់ប្រតាកមុខមាត់របស់ពួកវា”។ 

ជាការពិចារណាមួយ ការលើកឡើងរបស់ ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ ខាងលើ ហាក់ព្យាយាមពញ្ញាក់ស្មារតីថៃឲ្យដឹងខ្លួនឡើងថា ផ្លូវដែលជាតិសាសន៍នេះកំពុងដើរ គឺជាដំណើរនៃការកុហករាស្រ្តខ្លួនឯង ដើម្បីបិទបាំងភាពបរាជ័យរបស់ខ្លួន ហើយប្រសិនជាការពិតលាតត្រដាងឡើងពេលណា នោះអ្នកដែលរងការអាម៉ាស់បំផុតគឺជាពួកគេនេះឯង៕