2025-12-20 11:25
6

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានយ៉ាងធ្ងន់ធ្ងររបស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនា សម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ លំនៅដ្ឋាន និងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា មិនមែនជាសកម្មភាពចៃដន្យឡើយ តែជាទង្វើ ដែលមានការគ្រោងទុក និងដោយចេតនាបង្កើនភាពតានតឹងដដែលៗ បង្កគ្រោះថ្នាក់ និងធ្វើឱ្យបាត់បង់អាយុជីវិតជនស៊ីវិល បង្ខំអោយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែងបណ្តាខេត្តនានា។ 

ទង្វើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

អាជ្ញាធរមីន ចាត់ទុកថា គ្រាប់បែកចង្កោម និងផ្សែងពុលដែលយោធាថៃ ប្រើមកលើតំបន់ជនស៊ីវិល គឺជាប្រភេទអាវុធ ដែលបង្កគ្រោះថ្នាក់រយៈពេលវែងដល់មនុស្ស បំផ្លាញបរិស្ថាន និងបង្កហានិភ័យធ្ងន់ធ្ងរដល់ជនស៊ីវិល ទោះជាសង្គ្រាមបានបញ្ចប់ក៏ដោយ។ ការប្រើប្រាស់សព្វាវុធទាំងនេះ ទោះក្រោមហេតុផលណាក៏ដោយ គឺមិនអាចទទួលយកបានឡើយ ហើយវាគឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាកត់សម្គាល់ឃើញថា ថៃបានបង្កើត និងប្រើប្រាស់ព្រឹត្តិការណ៍ផ្សេងៗ ដូចជា បញ្ហាមីន និងការឆបោកតាមអនឡាញ ដើម្បីជាការបិទបាំង និងបង្វែរចំណាប់អារម្មណ៍សហគមន៍អន្តរជាតិ នូវទង្វើឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ក្នុងគោលបំណងកេងចំណេញនយោបាយ និងដើម្បីបិទបាំងទង្វើខុសច្បាប់ ក៏ដូចជាបំភាន់ដល់សហគមន៍អន្តរជាតិ។ 

កម្ពុជា ប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រើប្រាស់យុទ្ធសាស្ត្របែបនេះ។ បញ្ហាមីន និងឧក្រិដ្ឋកម្មឆ្លងដែន គឺមិនត្រូវប្រើប្រាស់ជាឧបករណ៍ ដើម្បីឈ្លានពានទឹកដី ដោយទម្លាក់គ្រាប់បែក ឬវាយប្រហារលើជនស៊ីវិលនោះឡើយ។

កម្ពុជា អំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិ ថ្កោលទោសដាច់ខាតចំពោះទង្វើរ ឈ្លានពានរបស់ថៃ និងសូមអំពាវនាវដល់អង្គការសហប្រជាជាតិ សមាគមអាស៊ាន និងយន្តការអន្តរជាតិ ពាក់ព័ន្ធ ដើម្បីចាត់វិធានការភ្លាមៗ ក្នុងការរក្សាច្បាប់អន្តរជាតិ និងការពារជនស៊ីវិល។ 

សូមគ្រប់ប្រទេស ដែលប្តេជ្ញាចំពោះសន្តិភាព និងច្បាប់អន្តរជាតិ ច្រានចោលនូវការបំភាន់ការពិត និងទាមទារឱ្យថៃទទួលខុសត្រូវចំពោះទង្វើវាយប្រហារមកលើជនស៊ីវិល។

ភាពជឿជាក់លើច្បាប់អន្តរជាតិ និងការការពារជនស៊ីវិល គឺអាស្រ័យលើសកម្មភាពរួមគ្នា ហើយការរក្សាភាពស្ងប់ស្ងាត់ចំពោះទង្វើរនេះ នឹងកាន់តែធ្វើឱ្យមានការរំលោភបំពានជាបន្តបន្ទាប់។

កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែ សន្តិភាពមិនអាចសម្រេចបានតាមរយៈការទំលាក់គ្រាប់លើជនស៊ីវិលការឈ្លានពានដែនអធិបតេយ្យភាព ឬប្រើប្រាស់ក្របខណ្ឌមនុស្សធម៌ដើម្បីបិទបាំងទង្វើហិង្សារបស់ខ្លួនឡើយ។

ពិភពលោក មិនត្រូវបិទភ្នែក ធ្វើមិនដឹងមិនឮ និងមើលរំលងនូវទង្វើឃោឃៅ អសីលធម៌ គ្មានការទទួលខុសត្រូវ ដែលរដ្ឋាភិបាលនិងយោធាថៃកំពុងធ្វើមកលើកម្ពុជា ដែលនឹងនាំឱ្យអន្តរាយដល់សហគមន៍ប្រជាជាតិសកល៕