2025-12-20 11:33
4

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ 

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលេចនូវចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី ព្រមទាំងបញ្ជាក់ពីខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ដែលនឹងមានឡើងនៅឆ្នាំ២០២៦ ខាងមុខ។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ចំពោះស្ថានភាពព្រំដែន កម្ពុជា-ថៃ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះការវាយប្រហារដោយមិនរើសមុខជាបន្តបន្ទាប់ពីសំណាក់យោធាថៃ មកលើទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួស ព្រមទាំងបង្កការខូចខាតយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសគឺការភៀសសឹករបស់ប្រជាពលរដ្ឋជិតកន្លះលាននាក់។ 

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មី នូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានថ្លែងអំណរគុណចំពោះភាគីរុស្ស៊ី ដែលបានគាំទ្របទឈប់បាញ់ជាបន្ទាន់ និងអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកដំណោះស្រាយដោយសន្តិវិធី។

ជាការឆ្លើយតប លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការវិលត្រឡប់ទៅរកការសន្ទនា និងការចរចាស្របតាមគោលការណ៍នៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ។ 

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា «សេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ នៅតែមានសុពលភាព ហើយភាគីទាំងពីរត្រូវតែវិលត្រឡប់ទៅរកការសន្ទនា និងចរចា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី»។ លោកក៏បានបញ្ជាក់សាជាថ្មីនូវការបដិសេធរបស់រុស្ស៊ីចំពោះព័ត៌មានមិនពិត ដែលបានចោទថា «មានពលរដ្ឋរុស្ស៊ីកំពុងបម្រើការជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែននេះ»៕