ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការ នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានអំពាវនាវឱ្យយោធាថៃ “បញ្ឈប់ជាបន្ទាន់” នូវសកម្មភាពអរិភាពរបស់ខ្លួន ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ។
ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា “យោធាថៃ ត្រូវតែបង្ហាញអំពីភាពស្មោះត្រង់ ភាពថ្លៃថ្នូររបស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈ ដោយស្ដែងចេញតាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាមរយៈវោហារស័ព្ទ និងការភូតកុហកនោះទេ”។
ការប៉ះទង្គិចនៅតំបន់ព្រំដែន កម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងធ្ងន់ធ្ងរ ដោយយោធាថៃប្រើយន្តហោះ F-16 ដើម្បីទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងឧស្ម័នពុលជាដើម ខណៈដែលថៃអះអាងថា កងទ័ពកម្ពុជា បាញ់ឆ្លើយតបដោយប្រើអាវុធធ្ងន់។
កិច្ចប្រជុំពិសេសរដ្ឋការបរទេសអាស៊ាន នៅម៉ាឡេស៊ី បានលើកឡើងពីវិវាទនេះ ហើយភាគីទាំងពីរនឹងគ្នាពិភាក្សាគ្នា ដើម្បីបន្ធូបន្ថយភាពតានតឹង ស្វែងរកផ្លូវឆ្ពោះការអនុវត្តការបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពគូឡាឡាំពួ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា បានចាប់ផ្តើមផ្ទុះសារជាថ្មី កាលពីថ្ងៃទី០៧ ខែធ្នូ រហូតដល់ពេលនេះ អូសបន្លាយអស់រយៈពេលជាង ១០ ថ្ងៃហើយ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ និងរបួសជាច្រើននាក់។ អង្គការអន្តរជាតិ ប្រទេសលើពិភពលោក និងក្នុងតំបន់កំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធបំផុត៕







