ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលសម្រេចបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ បណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើន បានផ្ញើសារអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះជំហានវិជ្ជមាននេះ ដែលមានគោលបំណងបញ្ចប់អរិភាព និងស្តារសន្តិភាពតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។
លោក ប៉ែន បូណា បានបញ្ជាក់ថា បណ្តាប្រទេសជាច្រើនផ្ញើសារអបអរសាទរចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានគូសបញ្ជាក់ថា ការសម្រេចចិត្តលើបទឈប់បាញ់រវាងកម្ពុជា-ថៃនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់រួមដែលតម្រូវឱ្យមានការអត់ធ្មត់ ដោយចាត់ទុកផលប្រយោជន៍របស់ជនស៊ីវិលជាធំ។ កម្ពុជា-ថៃ បានដាក់ចេញនូវវិធានការជាក់ស្តែង និងវិជ្ជមានជាច្រើន រួមទាំងការផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។
វិធានការទាំងនេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព ហើយលោក អាន់វ៉ា អ៊ីប្រាហ៊ីម សង្ឃឹមថា ភាគីទាំងសងខាងនឹងអនុវត្តតាមដោយស្មោះត្រង់។ ម៉ាឡេស៊ីនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថា ការប្តេជ្ញាចិត្តទាំងនេះត្រូវបានគោរព ហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ាន ក្នុងនាមជាតំបន់ដែលមានសន្តិភាព ត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន។
តាមរយៈអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី។ អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
តាមរយៈសេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិក សូមស្វាគមន៍ចំពោះការប្រកាសរបស់កម្ពុជានិងថៃ ស្តីពីការឈានទៅដល់កិច្ចព្រមព្រៀងឈប់បាញ់ ដែលបញ្ឈប់រាល់អរិភាពនៅតាមបណ្តោយព្រំដែន បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “សហរដ្ឋអាមេរិកសូមជំរុញឱ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពតាមការប្តេជ្ញាចិត្តនេះជាបន្ទាន់ និងអនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ”។
តាមរយៈអ្នកនាំពាក្យសាធារណរដ្ឋប្រជាមានិតចិន សូមស្វាគមន៍សេចក្តីប្រកាសរួមរបស់កម្ពុជា និងថៃ ដែលយល់ព្រមឱ្យមានបទឈប់បាញ់។ នេះបង្ហាញថា ការសន្ទនា និងការពិភាក្សាគឺជាវិធីសាស្ត្រដែលអាចប្រើបាន និងមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដ៏ស្មុគស្មាញ។
ប្រទេសចិន អាស៊ាន និងសហគមន៍អន្តរជាតិ បានខិតខំប្រឹងប្រែងរួមគ្នាសម្រាប់គោលបំណងនេះ។ ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌឱ្យកម្ពុជា និងថៃ ធ្វើការទំនាក់ទំនងគ្នាកាន់តែលម្អិត និងពេញលេញ។ ចិន នឹងបន្តដើរតួនាទីស្ថាបនាក្នុងការចូលរួមដ៏មានប្រយោជន៍តាមវិធីរបស់ខ្លួន ដើម្បីឱ្យកម្ពុជា និងថៃ បន្តធ្វើការរួមគ្នាក្នុងការស្តារឡើងវិញនូវការជឿទុកចិត្តគ្នាផ្នែកនយោបាយ, ស្តារឡើងវិញនូវទំនាក់ទំនងទេ្វភាគី សំដៅរក្សាសនិ្តភាពក្នុងតំបន់។
សហភាពអឺរ៉ុបសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថលេខារវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយសូមអំពាវនាវឱ្យភាគីទាំងសងខាងអនុវត្តកិច្ចព្រមព្រៀងនេះដោយសុឆន្ទៈ។ សហភាពអឺរ៉ុបថ្លែងអំណរគុណដល់អាស៊ានចំពោះការបំពេញតួនាទីយ៉ាងវិជ្ជមានក្នុងការសម្រេចបាននូវលទ្ធផលនេះ។ សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រតាមតម្រូវការចាំបាច់នានា។”
ប្រទេសបារាំង វាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៃបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។ អំណឹះតទៅសន្តិភាពត្រូវតែបានគេពង្រឹង។
ប្រទេសបារាំង ជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ក៏ដូចជាការដោះសា្រយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ។
ប្រទេសជប៉ុន ក៏បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងបទឈបបាញ់នឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា។ រដ្ឋាភិបាលជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងផ្សេងៗ រួមទាំងសកម្មភាពការទូត ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង រួមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ ដោយសហការជាមួយប្រទេសពាក់ព័ន្ធ រួមមានសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន។
សហព័ន្ធរុស្ស៊ី ក៏បានស្វាគមន៍ព័ត៌មានស្តីពីរដ្ឋាភិបាលកម្ពុជា និងថៃ ដែលបានបង្ហាញឆន្ទៈក្នុងការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ ដែលជាផ្នែកមួយនៃយន្តការទ្វេភាគីដែលមានស្រាប់ បានបង្កើតក្តីសង្ឃឹម ដើម្បីធានាឱ្យមានបទឈប់បាញ់ និងដោះស្រាយវិវាទ។
ហើយសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរបានបញ្ជាក់ឱ្យឃើញច្បាស់នូវស្មារតីរបស់អាស៊ានក្នុងការប្តេជ្ញាចិត្ត រក្សាឯកភាព, សាមគ្គីភាព ដើម្បីពុះពារឆ្លងកាត់ភាពខុសគ្នានាពេលបច្ចុប្បន្ន៕



