2026-01-02 18:59
8

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល បានចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិ​បា​ល​នៅ​តាមមូលដ្ឋានសុខាភិបាល ក្នុងខេត្តជាប់ព្រំដែន ដឹកនាំដោយ វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា, ឱសថការី ឈី ហុង រដ្ឋលេខាធិការ និង លោក ខូយ ឌី អនុរដ្ឋលេខាធិការ។

ក្រុមការងារបានចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកមង្គលបុរី មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មន្ទីរពេទ្យបង្អែកអូរជ្រៅ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្វាយចេក និងមន្ទីរពេទ្យបង្អែកថ្មពួក។

នុងឱកាសនេះ លោករដ្ឋលេខាធិការ បានពាំនាំការសួរសុខទុក្ខពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាមមូលដ្ឋាន ព្រមទាំងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងណែនាំដល់បុគ្គលិកសុខាភិបាល ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលជូន វីរកងទ័ព វីរនគរបាល ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋទូទៅ ដែលមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យនានា។

សូមបញ្ជាក់ថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តជាប់ព្រំដែនទាំងអស់ បានចាត់ចែងឱ្យមានក្រុមគ្រូពេទ្យប្រចាំការ សម្រាប់ពិគ្រោះព្យាបាល ផ្ដល់ឱសថ និងបម្រើសេវាសុខាភិបាល នៅគ្រប់មណ្ឌលសុវត្ថិភាពជនភៀសសឹក ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋយ៉ាងទូលំទូលាយ៕