2026-01-04 11:58
43

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក នឹងដាក់ប្រទេសវេណេស៊ុយអេឡា ក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់អាមេរិក បន្ទាប់ពីកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។ 

ក្នុងប្រតិបត្តិការមួយដែលលោកបានពណ៌នាថា “ហ៊ានក្លាហាន” និងបាននាំទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអាវុធ។

ក្នុងសន្និសីទសារព័ត៌មានមួយនៅរមណីយដ្ឋាន Mar-a-Lago របស់លោក នៅរដ្ឋផ្លរីដា លោក ត្រាំ បានបញ្ជាក់ថា “សហរដ្ឋអាមេរិក នឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា ជាបណ្តោះអាសន្ន រហូតដល់មានការផ្លាស់ប្តូរអំណាចមួយដែលមានសុវត្ថិភាព ត្រឹមត្រូវ និងមានវិចារណញ្ញាណ”។

លោក ត្រាំ បានថ្លែងថា៖ «យើងនឹងដំណើរការប្រទេសនេះ រហូតដល់ពេលដែលយើងអាចធានាបាននូវការផ្លាស់ប្តូរដែលមានសុវត្ថិភាព ត្រឹមត្រូវ និងមានការពិចារណាដោយយុត្តិធម៌»។ លោកបន្ថែមថា “សហរដ្ឋអាមេរិក មិនអាចប្រថុយឱ្យមានអ្នកដទៃឡើងកាន់អំណាចក្នុងវេណេស៊ុយអេឡា ដែលមិនគិតគូរផលប្រយោជន៍របស់ប្រជាជនវេណេស៊ុយអេឡា» បានឡើយ។

សេចក្តីប្រកាសនេះ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ខណៈដែលសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងជិតស្និទ្ធ ពីការវិវឌ្ឍន៍នៃស្ថានការណ៍នយោបាយ និងសន្តិសុខនៅក្នុងប្រទេសវេណេស៊ុយអេឡា។

ស្ថិតក្រោមការគ្រប់គ្រងបណ្តោះអាសន្ន សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យក្រុមហ៊ុនប្រេងធំៗរបស់អាមេរិក ចូលទៅដំណើរការនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលមានធនធានប្រេងបម្រុងទុកច្រើនជាងគេបំផុតនៅលើពិភពលោក ដើម្បីជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រេងដែលកំពុងខូចខាតយ៉ាងធ្ងន់។ ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា ដំណើរការនេះអាចចំណាយពេលរាប់ឆ្នាំ មុននឹងអាចឃើញលទ្ធផលជាក់ស្តែង។

អ្នកវិភាគ និងអ្នករិះគន់មួយចំនួនបានលើកឡើងថា ការផ្តោតសំខាន់របស់ លោក ត្រាំ លើវិស័យប្រេងក្នុងសន្និសីទសារព័ត៌មាន បានបង្កើតសំណួរធ្ងន់ធ្ងរ ចំពោះការខិតខំរបស់រដ្ឋបាលអាមេរិក ក្នុងការបង្ហាញប្រតិបត្តិការចាប់ខ្លួន លោក នីកូឡាស ម៉ាឌូរ៉ូ និងការវាយប្រហារដោយមីស៊ីលជាច្រើនលើទូកដែលត្រូវបានចោទថា “ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន” ថាជាប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការនាំចេញគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro និងភរិយា ត្រូវបានចាប់ខ្លួន ក្រោយការវាយប្រហារទ្រង់ទ្រាយធំមួយពីសហរដ្ឋអាមេរិកលើទីក្រុង Caracas និងតំបន់ជុំវិញ។ លោក Maduro នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងអាវុធ ដោយតុលាការសហព័ន្ធរដ្ឋ Manhattan។ 

បច្ចុប្បន្ន លោក Nicolás Maduro ត្រូវបាននាំខ្លួនទៅដល់មណ្ឌលឃុំឃាំង Metropolitan ក្នុងតំបន់ Brooklyn បន្ទាប់ពីលោកត្រូវបានដឹកតាមឧទ្ធម្ភាគចក្រមកកាន់រដ្ឋ Manhattan និងបន្តដំណើរដោយមានក្បួនរថយន្តសមត្ថកិច្ច អមដំណើរយ៉ាងច្រើនទៅកាន់ទីតាំងឃុំឃាំងនោះ។

ស្ថានការណ៍នេះ បន្តបង្កើតការព្រួយបារម្ភ និងការតាមដានយ៉ាងជិតស្និទ្ធពីសហគមន៍អន្តរជាតិ ខណៈអនាគតនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសវេណេស៊ុយអេឡា នៅតែពោរពេញដោយភាពមិនប្រាកដប្រជា៕