ក្រោយប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន សង្ងំធ្វើសមយុទ្ធឯករាជ្យតែឯកអស់កាលដ៏យូរឆ្នាំ ស្រាប់តែនៅថ្ងៃអាទិត្យម្សិលមិញនេះ មេដឹកនាំកូរ៉េខាងជើងខាងលើ បានសាកល្បងធ្វើសមយុទ្ធយោធាចុងសប្តាហ៍របស់ខ្លួនជាថ្មី ដោយមានការបាញ់ប្រព័ន្ធមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង។
លោក គីម បានចាត់ទុកសមយុទ្ធដ៏អស្ចារ្យរបស់ខ្លួននេះថាជា "សមិទ្ធិផលសំខាន់ៗ" ដែលត្រូវបានធ្វើឡើងក្នុងការរៀបចំកងកម្លាំងនុយក្លេអ៊ែររបស់គាត់ សម្រាប់សង្រ្គាមជាក់ស្តែង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េកណ្តាល។
តាមការចេញផ្សាយពីសារព័ត៌មាន the japantimes នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ជាការថ្លោះធ្លោយ សមយុទ្ធបាញ់ប្រព័ន្ធមីស៊ីលលឿនជាងសំឡេងរបស់ លោក គីម បានផ្លោងចូលទៅក្នុងសមុទ្រជប៉ុននៅម៉ោងប្រហែល ៧:៥០ នាទីព្រឹកថ្ងៃអាទិត្យ ទី៤ ខែមករា។
ការបាញ់បង្អួតមីស៊ីលរបស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងចូលក្នុងដែនសមុទ្រជប៉ុន បានធ្វើឲ្យប្រទេសនេះក្ដៅស្លឹកត្រជាក់យ៉ាងខ្លាំង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បានបន្លឺឡើងថា សកម្មភាពរបស់កូរ៉េខាងជើង បានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ។ ហើយជាលទ្ធផល រដ្ឋាភិបាលជប៉ុនបានដាក់ពាក្យបណ្តឹងយ៉ាងខ្លាំងទៅកាន់កូរ៉េខាងជើងជុំវិញការបាញ់បង្ហោះតាមរយៈប៉ុស្តិ៍ស្ថានទូតនៅទីក្រុងប៉េកាំង។
ជារឿងគាប់ជួន ការបាញ់បង្ហោះមីស៊ីលដែលមានល្បឿនលឿនជាងសំឡេងចុងក្រោយបំផុតរបស់កូរ៉េខាងជើង កើតឡើងស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃអាទិត្យនេះ ហើយវាក៏ស្របគ្នា បន្ទាប់ពីកងកម្លាំងពិសេសអាមេរិក ក្រោមការបញ្ជាផ្ទាល់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបើកការវាយប្រហារទ្រង់ទ្រាយធំលើវេណេស៊ុយអេឡា រួមទាំងការចាប់ខ្លួន លោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ចេញពីវិមានប្រធានាធិបតីក្នុងទីក្រុងការ៉ាកាសផងដែរ។
ការវិលត្រឡប់ចូលមកប្រឡូកក្នុងពិភពលោកវិញរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្រោយទីក្រុងព្យុងយ៉ាងបានរិះគន់យ៉ាងខ្លាំងក្លា ទៅលើទង្វើរបស់សហរដ្ឋអាមេរិកថា ជាការរំលោភលើអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា។
ជាឧទាហរណ៍ជាក់ស្ដែងលើវេណេស៊ុយអេឡា កត្តាដ៏សំខាន់ដែលជម្រុញឲ្យកូរ៉េជើង បង្កើនការបង្កើតនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនកាន់តែខ្លាំងនោះ ក្រោមហេតុផលនៃការភ័យខ្លាចរបស់ លោក គីម ក្នុងការដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ប្រទេសនេះ មានគោលបំណងចង់ផ្លាស់ប្តូររបបក្នុងទីក្រុងព្យុងយ៉ាង។
គួរឲ្យដឹងថា កូរ៉េខាងជើងបានចោទមហាអំណាចអាមេរិកថា ជាប្រទេសដែលមានចរិតឃោរឃៅ ជាពិសេសក្នុងការហាមឃាត់ខ្លួនមិនឲ្យបង្កើតអាវុធនុយក្លេអ៊ែរតែម្ដង ដែលបញ្ហានេះនៅតែជាភាពរកាំរកូសរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន រហូតមកដល់បច្ចុប្បន្ន៕




